កន្ធាយ​អាស៊ី និងកន្ធាយក្បាលកង្កែបចំនួន៥ក្បាល ត្រូវបានលែងចូល​ក្នុងទន្លេមេគង្គ ខេត្ត​ក្រចេះ

ខេត្តក្រចេះ ៖ អង្គការ WCS សហការ​ជាមួយ​រដ្ឋបាលជលផល និងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះបានលែងកន្ធាយពីរប្រភេទ (រួមមានកន្ធាយអាស៊ី ៤ក្បាល និងកន្ធាយក្បាលកង្កែប ឬល្មិច ១ក្បាល) ចូលក្នុងជម្រកធម្មជាតិនៃទន្លេមេគង្គ នៅក្នុងខេត្តក្រចេះ។

ពិធីលែង​កន្ធាយនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពី លោក ស្រេង សុភាព អភិបាលរងខេត្តក្រចេះ លោក អ៊ុក វិបុល តំណាងលោ អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល តំណាង ACCB ខណ្ឌរដ្ឋបាលជលផល តំណាងអង្គការ WCS និងប្រជាសហគមន៍ការពារសំបុក កន្ធាយក្បាលកង្កែប។

សូមជម្រាបថា កន្ធាយអាស៊ីទាំងនេះ ត្រូវបានប្រគល់ជូនដោយមជ្ឈមណ្ឌលACCB បន្ទាប់ពីបានទទួលការព្យាបាលនិងថែទាំអស់រយៈពេល ៧ខែនៅក្នុងមណ្ឌល។ ចំណែកឯល្មិច ត្រូវប្រជានេសាទប្រទះឃើញជាប់ផ្លែសន្ទូច និងបានយកមកប្រគល់ជូនមជ្ឈមណ្ឌល ACCB តាមរយៈអង្គការ WCS ដើម្បីសង្គ្រោះ៕ ដោយ ៖ ស៊ាន ច័ន្ទដា