លោក ឈួន សោភា ប្រធានការិយាល័យគយចល័តតំបន់ប្រាំ ប្រើអំណាចតាមអំពើចិត្តមិនខ្លាចចំណាត់ការអង្គភាពប្រឆាំងអំពើពុករលួយ

ខេត្តបន្ទាយមានជ័យ ៖ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូញទំនិញទាំងតូចទាំងធំ និងអាជីវករមួយចំនួនបានត្អូញត្អែរពីការរកស៊ីរបស់ខ្លួន ខណៈដែលលោក ឈួន សោភា ប្រធានការិយាល័យគយចល័តតំបន់ប្រាំគ្រប់គ្រងចំនួន៥ខេត្តគឺ (បន្ទាយមានជ័យ-ឧត្តរមានជ័យ-សៀមរាប-កំពង់ធំ និងព្រះវិហារ) បានប្រើអំណាចរបស់ខ្លួនក្នុងការគាបសង្កត់ដល់ក្រុមឈ្មួញរកស៊ីទាំនោះឲ្យបង់លុយក្រោមតុ លើតុ តាមរបៀបពុករលួយ មិនខ្លាចពីចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជាពិសេសក្រុមឈ្មួញរកស៊ីម៉ូតូនាំចូលតាមច្រកបឹងត្រកួន ដែលទោះជាម៉ូតូខ្លះឈ្មួញបានបង់ពន្ធនាំចូលត្រឹមត្រូវតាមច្បាប់នៅស្នាក់ការគយប្រចាំច្រកព្រំដែនរួចក៏ដោយក្តី នៅតែគេចមិនផុតពីការបង្ក្រាបគាបយកលុយពីសំណាក់លោក ឈួន សោភា និងមន្ត្រីគយក្រោមឱវាទរបស់គាត់ដដែលដោយគ្មានការយោគយល់អ្វីទាំងអស់ ដែលទង្វើនេះត្រូវបានគេចាត់ទុកថា គឺជាការអនុវត្តន៍ច្បាប់ហួសព្រំដែន ឬប្រើអំណាចតាមតែអំពើចិត្ត រហូតផ្អើលដល់លោកបណ្ឌិត គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា ទើបមានការដោះលែងទៅវិញ។

សូមរម្លឹកផងដែរថា កន្លងមកលោក ឈួន សោភា ធ្លាប់ត្រូវបានលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញលិខិតលេខ១២០៦/១៩ អ គ រ ចុះថ្ងៃព្រហស្បតិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ជម្រាបជូនទៅប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសអញ្ជើញលោក ឈួន សោភា អត្ថលេខ៤៣៦ ជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់ប្រាំ ដើម្បីបំភ្លឺការងារមួយចំនួនតាមរយៈលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស នៅនាយកដ្ឋានហិរញវត្ថុ និងបុគ្គលិក កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ម្តងរួចទៅហើយ បន្ទាបពីមានក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ និងអាជីវករជាច្រើននាក់បានផ្ទុះការតវ៉ារហូតឈានដល់ការបិទផ្លូវនៅចំណុចមុខស្នាក់ការគយចល័តជិតស្ពានទឹកថ្លា ស្ថិតក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទយមានជ័យ។

ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ និងអាជីវករ ក៏ដូចជាឈ្មួញរកស៊ីនាំចូលម៉ូតូពីប្រទេសថៃមួយចំនួន អំពាវនាវទៅដល់អគ្គនាយកគយ និងរដ្ឋាករកម្ពុជាលោកបណ្ឌិត គុណ ញឹម គួរតែមានវិធានការផ្នែកច្បាប់រដ្ឋបាលលើលោក ឈួន សោភា ឬដកគ្រវែងចោលតែម្តង កុំឲ្យគាត់ចេះតែបង្កព្យុះភ្លៀងតាមអំពើចិត្ត ប្រើអំណាចគាបសង្កត់ដល់ក្រុមឈ្មួញរកស៊ី ប្រយោជន៍ស្វែងរកលាភសក្ការៈផ្ទាល់ខ្លួន តាមរបៀបពុករលួយ មិនខ្វល់ពីការរិះគន់ ផ្ទុយពីក្រមសីលធម៌ វិជ្ជាជីវៈ និងបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ ដោយ ៖ មុន្នី ឧត្តម