ខេត្តស្ទឹងត្រែងប្រារព្ធពិធីអបអរសាទរ «ទិវាពិភពលោកស្អាត» និងទិវាទេសចរណ៍ពិភពលោកលើកទី៤០

ខេត្តស្ទឹងត្រែង ៖ រដ្ឋបាលខេត្តរួមសហការជាមួយមន្ទីរទេសចរណ៍បានរៀបចំ និងប្រារព្ធនូវទិវាទេសចរណ៍ពិភពលោកលើកទី៤០ ប្រព្រឹត្តទៅក្រោមវត្តមានលោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត ផងដែរ ដោយធ្វើឡើងនៅព្រឹកថ្ងៃទី០៩តុលានេះ នាទីធ្លាសួនច្បារមុខសាលាខេត្តស្ទឹងត្រែង។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ការប្រព្រឹត្តទៅនៃទិវាទេសចរណ៍ពិភពលោកលើក ទី៤០នេះ ជាការបញ្ជ្រៀបដល់ប្រជាពលរដ្ឋ មន្ត្រីរាជការរួមទាំងយុវជនទាំងអស់ ឲ្យបានយល់ដឹងបន្ថែមអំពីអនាម័យ និងបរិស្ថាន ហើយចូលរួមទាំងអស់គ្នា ក្នុងយុទ្ធនាការសំអាតទីក្រុង ដើម្បីទីក្រុងស្អាត មានសោភ័ណ្ឌភាព និងជាការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរ

ជាតិផងដែរ។ លោកថាកន្លងមកមន្ទីរទេសចរណ៍ខេត្ត ធ្លាប់បានចុះអប់រំណែនាំផ្ទាល់ ក៏ដូចជាបានបញ្ជ្រៀបអំពីការយល់ដឹងដល់អាជីវករ សហគ្រាសនានា ដើម្បីឲ្យពួកគាត់ ចូលរួមឲ្យបានកាន់តែច្រើនផុលផុស ក្នុងការលើកកម្ពស់នៃការយល់ដឹង និងរៀបចំអនាម័យដែលជាការួមចំណែកមួយធ្វើឲ្យក្រុងស្ទឹងត្រែងបានស្អាត ហើយអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាដើមនោះ។

លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ ថ្លែងអំណរគុណនិងកោតសរសើរ ចំពោះការចូលរួមរបស់ប្អូនៗ ក្មួយៗ ក៏ដូចជាសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមនៅថ្ងៃនេះ។ លោកថា នេះគឺជាសារមួយដ៏មានសារៈសំខាន់ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋទូទៅឲ្យមានស្មារតី និងការភ្ញាក់រលឹកក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការស្រលាញ់ និងសម្អាតបរិស្ថាន។

ជាមួយគ្នានោះលោកអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់ ចំពោះអនាម័យ និងបរិស្ថាន ត្រូវវិចខ្ចប់កាកសំណល់រឹង និងរាវឲ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាត មានអនាម័យ ធ្វើឲ្យក្រុងមានសោភ័ណភាព និងអាចទាក់ ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលជាប្រភពចំណូលសម្រាប់ខេត្តយើង និងប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា នៃការប្រារព្ធទិវាទេសចរណ៍ សមាជិកសមាជិកា នៃអង្គពិធីទាំងមូលប្រមាណប្រមាណជិត២០០នាក់ បានបែងចែក និងធ្វើសកម្មភាពរើសសំរាម សំអាតបរិស្ថាន នៅតាមដងផ្លូវ សួនច្បារក្នុងទីប្រជុំជន ក្រុងស្ទឹងត្រែង ដើម្បីជាសារមួយក្នុងការក្រើនរំលឹក ដល់ប្រជាពលរដ្ឋឲ្យមានការចូលរួមប្រកបដោយស្ម័គ្រចិត្តដើម្បីបរិស្ថានខេត្តយើង ឲ្យស្របទៅនិងប្រធានបទ “ទេសចរណ៍ និងការងារ អនាគតកាន់តែប្រសើរសម្រាប់យើងទាំងអស់គ្នា”៕ ដោយ ៖ ម៉ាវិន