អភិបាលខេត្តកំពង់ឆ្នាំងជំរុញឲ្យសមត្ថកិច្ច និងអាជ្ញាធរដែនដីពង្រឹងការពារសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អក្នុងឱកាសបុណ្យអុំទូក

ខេត្តកំពង់ឆ្នាំង ៖ លោក ឈួរ ច័ន្ទឌឿ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្តកំពង់ឆ្នាំងបានជំរុញសមត្ថកិច្ចសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពជុំវិញខេត្តត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យបានល្អ។

ការជំរុញបែបនេះរបស់លោកអភិបាលខេត្តធ្វើឡើងនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីប្រធានអង្គភាពជុំខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុកនិងមេឃុំ ចៅសង្កាត់ ទូទាំងខេត្តសរុបសមាភាពចូលរួម១២៣នាក់។

លោក ឈួរ ច័ន្ទឌឿន បានបន្តថា គ្រប់ស្ថាបនត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវ បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្តីពីយុទ្ធនាការបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងបទល្មើសនានាកុំអោយកើតមានឡើងក្នុងមូលដ្ឋាននិងជំនាញទទួលខុសត្រូវរបស់ខ្លួននិងដាក់ចេញនូវផែនការសំខាន់ៗ៤សម្រាប់ឲ្យអង្គភាព និងអាជ្ញាធរអនុវត្តរួមមាន ៖ ១.ពិនិត្យនិងរៀបចំទូក កលាំងអោយបានល្អដើម្បីយកទៅប្រកួតនៅរាជធានីភ្នំពេញ។ ២.រៀបចំបុណ្យឯករាជ្យ៩វិច្ឆិកាលើកទី៦៦ជាពិសេសចូលរួមទិវាហូបអំបុកសាមគ្គីការពារជាតិសាសនានិងព្រះមហាក្សត្រ និង៣.ចូលរួមមូលនិធិគន្ធបុប្ផា និងចូលរួមប្រលងប្រណាំងទីក្រុងស្អាតអាស៊ាន។

បន្ថែមលើនេះលោកអភិបាលក៏បានផ្ដាំផ្ញើដល់សមត្ថកិច្ចត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ និងគ្រប់ស្ថាប័នត្រូវរក្សាឲ្យបានស្ថិរភាព សណ្តាប់ធ្នាប់ សោភ័ណភាពក្នុងស្ថាបន របស់ខ្លួនឲ្យបានល្អជាពិសេសក្នុងពិធីបុណ្យខាងមុខនេះ៕