លោក Guterres ព្រមានថា UN ប្រហែលមិនមានប្រាក់បើក​​ឱ្យមន្រ្តីទេនៅខែក្រោយ

យូអិន ៖ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិបាន​ព្រមានកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ​២០១៩ ​ថា UN អាចនឹង​គ្មានលុយ​គ្រប់គ្រាន់​សម្រាប់​បើក​ប្រាក់ខែ​ឱ្យមន្រ្តី​នៅខែក្រោយ ប្រសិន​បើ​រដ្ឋ​សមាជិក​ដែល​ជំពាក់​នៅតែមិន​ព្រមសង​លុយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះថា៖ «ខែ​នេះ យើង​នឹងឈានដល់​កម្រិត​ឱនភាព​ដ៏ជ្រៅបំផុត។ យើងកំពុងរងហានិភ័យ​នៅ​ពេលចូលដល់​ខែវិចិ្ឆកា ដោយ​គ្មាន​សាច់ប្រាក់​គ្រប់គ្រាន់​ ក្នុងការរ៉ាប់រង​ការ​ចំណាយ​លើ​ប្រាក់ខែ។ ការងារ និង​កំណែទម្រង់​របស់យើង ស្ថិតក្នុងភាព​គ្រោះថ្នាក់​ហើយ»។

សូមជម្រាប​ថា អាមេរិក គឺ​ជាអ្នក​ចូលរួម​វិភាគទាន​ UN ដ៏ធំបំផុត​ ប្រមាណ២២% នៃ​ថវិកា​ជាង៣,៣ពាន់​លាន​ដុល្លារ ប្រចាំឆ្នាំ​២០១៩។ ប៉ុន្តែ​អាមេរិកបាន​ជំពាក់៣៨១លាន​ដុល្លារ (ថវិកា​ទៀងទាត់​អាទិភាព) និង​ជំពាក់៦៧៤លាន​ដុល្លារ (ថវិកា​ទៀងទាត់​ប្រចាំឆ្នាំ​២០១៩)។

អ្នក​នាំពាក្យ UN លោក Stephane Dujarric ​បាន​ឱ្យដឹងថា រហូតមកដល់​ពេលនេះ ប្រទេស​ចំនួន​១២៩ហើយ ក្នុង​ចំណោម ១៩៣ប្រទេស​ដែលជារដ្ឋសមាជិក ​បាន​បង់​វិភាគទាននេះ គិតជាទឹកប្រាក់​សរុប ២ពាន់លានដុល្លារ៕