អាជ្ញាធរក្រុងព្រះសីហនុបញ្ជាឲ្យការដ្ឋានចាក់ដីមួយកន្លែងកាយចេញវិញឲ្យអស់ក្រោយពិនិត្យឃើញថា ចាក់ដីរំលោភយកដីអូរប្រព័ន្ធលំហូរទឹក

ខេត្តព្រះសីហនុ ៖ ការដ្ឋានកំពុងចាក់ដីទុ្រងទ្រាយធំមួយកន្លែងត្រូវបានលោក អ៊ី សុខ ឡេង អភិបាលក្រុងព្រះសីហនុដាក់បទបញ្ជាឲ្យកាយដីចេញពីអូរវិញឲ្យអស់ ក្រោយពិនិត្យឃើញថា ទីតាំងដែលកំពុងចាក់នោះបានចាក់ដីរំលោភយកដីអូរប្រព័ន្ធលំហូរទឹកសាធារណៈទំហំទទឹងប្រវែង៦ម៉ែត្រ និងបណ្តោយប្រវែងប្រមាណ៣០ម៉ែត្រ ស្ថិតក្នុងភូមិ០៤ សង្កាត់លេខ០៤ក្រុង.ខេត្តព្រះសីហនុ។

ពាក់ព័ន្ធបញ្ហានេះ បើតាមបងប្រុសម្នាក់ដែលអះអាងថា រូបគាត់ជាម្ចាស់ការដ្ឋានចាប់ដីលុបអូរខាងលើបាននិយាយថា គាត់ពិតជាបានចាក់ដីលុបអូរពិតប្រាកដមែន ពីព្រោះដីនៅសងខាងជាប់ព្រំអូរមានប្លង់កម្មសិទ្ធិរបស់គាត់ទាំងអស់ ហើយការចាប់ដីលុបអូរបែបនេះគឺជាការចាក់លុបបណ្តោះអសន្នប៉ុណ្ណោះ និងកាយចេញវិញឆាប់ៗ នេះវិញក្រោយពេល គាត់ចាក់ដីបំពេញក្នុងដីឡូត៍ដែលនៅព្រំអូរម្ខាងទៀត រួចរាល់ (ពោលគឺការចាក់ដីលុបអូរនេះគ្រាន់តែធ្វើជាស្ពានសំរាប់ដឹកដីឆ្លងកាត់តែប៉ុណ្ណោះ) ដោយលោកគ្មានបំណងយកដីអូរ នោះធ្វើជាកម្មសិទ្ធិទេ។

លោក ជួប សីហា មន្រ្តីសាលាក្រុងព្រះសីហនុក្នុងពេលចុះអនុវត្តន៍កាយដីប្រឡាយអូរខាងលើបាននិយាយបញ្ជាក់ថា ដីប្រឡាយអូរចំណុចនេះមានប្រវែងប្រមាណ២០០ម៉ែត្រ និងទទឹងទំហំ៦ម៉ែត្រត្រូវបានគេចាក់ដីលុបស្ទើរទាំងស្រុងថែមទាំងមានចំណុចខ្លះមានសាង សង់របងថ្មនៅលើដីអូរថែមទៀតផងជាហេតុធ្វើឲ្យដីអូរប្រឡាយទឹកចំណុចនេះស្ទើរបាត់បង់អត្តសញ្ញាណទាំងស្រុងទៅហើយ។ លោកបញ្ជាក់ថា ចំពោះមុខដើម្បីអនុវត្តន៍វិធានការផ្លូវច្បាប់ រដ្ឋបាលក្រុងព្រះសីហនុគឺតម្រូវឲ្យម្ចាស់ដីឡូត៍ដែលពាក់ព័ន្ធត្រូវកាយចេញវិញឲ្យអស់ និងវាយកម្ទេចរបងថ្ម និងសំណង់ផ្សេងៗ ដែលសាងសង់នៅលើដីអូរផងដែរ ដោយគ្មានការតវ៉ា ក្នុងករណីមិនអនុវត្តន៍តាមរដ្ឋបាលក្រុងព្រះសីហនុនឹងចាត់វិធានកាតាមផ្លូច្បាប់មិនយោគយល់នោះឡើយ។

គូរបញ្ជាក់ផងដែរថា ក្រុងព្រះសីហនុក្នុងពេលបច្ចុប្បន្នឲ្យតែមានភ្លៀងធ្លាក់ ទោះតិច ឬច្រើន គឺតែងតែ ជន់លិចផ្លូវ លិចលំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបជាប្រចាំដោយសារតែបញ្ហារប្រព័ន្ធ អូរប្រឡាយទឹកតូចចង្អៀត។ ហើយបញ្ហានេះកន្លងមក លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុតែងតែយកចិត្តទុកដាក់ខ្លាំងណាស់ បញ្ហាអូរប្រឡាយក្នុងក្រុងព្រះសីហនុនេះ លោក តែងតែដឹកនាំកម្លាំងចម្រុះចុះកាយ ស្ដារមិនថា យប់ ឬថ្ងៃ ភ្លៀងឬ ក្ដៅនោះទេ មិនតែប៉ុណ្ណោះក៏បាន អំពាវនាវដល់មន្ត្រីរបស់លោក ឬ មន្ទីរពាក់ព័ន្ធក្នុងខេត្តខិតខំធ្វើយ៉ាងណាដើម្បីបញ្ចៀសការជន់លិច ដោយទឹកភ្លៀងទាំងនេះ។ ប៉ុន្តែពលរដ្ឋមួយចំនួននៅតែប្រហើនទៅនឹងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត ។ តែទោះជាយ៉ាងណាក៏ដោយសង្ឃឹមថា ទីក្រុងព្រះសីហនុនឹងឈប់លិចលុងក្នុងពេលឆាប់ៗនេះជាមួយការអនុវត្តន៍ច្បាប់របស់រដ្ឋបាលក្រុង រដ្ឋបាលខេត្តក្នុងការកំណត់ និងរំដោះទំហំដីប្រឡាយ អូរ ឡើងវិញតាមទំហុំនៃប្លង់ប្រព័ន្ធមានស្រាប់ដែលកំណត់ដោយមន្រ្តីជំនាញសុរិយោដី៕ ដោយ ៖ តឹង សុភាព