រដ្ឋមន្រ្តីព័ត៌មានជំរុញឲ្យមន្រ្តីព័ត៌មានឈ្វេងយល់ពីរបៀបសរសេរ និងយកព័ត៌មានដោយប្រើប្រាស់ស្មាតហ្វូន

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញឲ្យមន្រ្តីព័ត៌មានឈ្វេងយល់ពីរបៀបសរសេរ ពិសេសរៀនពីរបៀបយកព័ត៌មានដោយប្រើប្រាស់ស្មាតហ្វូន smart phone ព្រោះឥឡូវនេះទូរស័ព្ទដែបានឈានដល់កម្រិតមួយដែលអាចប្រើសម្រាប់ថតផ្សាយតាមទូរទស្សន៍ក៏បាន ថតផ្សាយតាមកាសែតក៍បាន។

ការជំរុញរបស់លោករដ្ឋមន្រ្តីបែបនេះក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពីសារព័ត៌មានឌីជីថល និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ។ លោករដ្ឋមន្រ្តីលើកឡើងថា ថ្ងៃនេះយើងរៀនពីព័ត៌មានឌីជីថលដែលហៅថា សកម្មភាពថ្មីនៃទសវត្សរ៍ទី២១ «ជាទសវត្សរ៍សេដ្ឋកិច្ចពុទ្ធិ» ជាទសវត្សនៃលំហូរព័ត៌មាន។

លោក រដ្ឋមន្រ្តីបានថ្លែងថា នៅចុងទសវត្សរ៍ទី២០ នៅពេលដែលអ៊ិនធឺណេតកើតឡើងទាមទារឲ្យមានចំណេះដឹងគ្រប់គ្រាន់ដើម្បីតាមដាន ពិនិត្យធ្វើការសម្រេចចិត្តផ្សេងៗធ្វើជាមូលដ្ឋានត្រឹះរិះពិចារណា។ លោកបន្តថា នៅពេលអ៊ិនធឺណេតកើតឡើងព័ត៌មានសម្បូរបែបបានប្រជែងគ្នា មានទាំងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយបង្ហោះតាមអ៊ិនធឺណេត៕