សមត្ថកិច្ចឡោមព័ទ្ធទីតាំងលាក់ឈើមួយកន្លែងជិតស្នាក់ការបរិស្ថាន ដេអេ (ណាមរ៉ាម)

ខេត្តមណ្ឌលគិរី ៖ ទីតាំងស្តុកឈើជាច្រើនកន្លែងនៅស្រុកពេជ្រាដា ត្រូវបានសមត្ថកិច្ចចម្រុះចុះបង្ក្រាប ក្នុងនោះក៏មានរោងសិប្បកម្មកែច្នៃឈើពុំមានច្បាប់អនុញ្ញាតជាច្រើនទីតាំងផងដែរ ដែលប្រត្តិបត្តការណ៍នេះធ្វើឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ដោយសមត្ថកិច្ចរកឃើញឈើគ្រប់ប្រភេទជាច្រើនកំណាត់។

លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ដែលបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសខាងលើឲ្យដឹងថា ក្រុមសមត្ថកិច្ច និងមន្ត្រីជំនាញធ្វើការត្រួតពិនិត្យតាមរោងសិប្បកម្មកែច្នៃឈើទាំងអស់ដែលមានទីតាំងនៅស្រុកពេជ្រដា ដោយពិនិត្យមើលច្បាប់អនុញ្ញាត ប៉ុន្មានទីតាំង និងពុំមានច្បាប់អនុញ្ញាតប៉ុន្មានទីតាំង ចំពោះចំណាត់ការ ត្រូវតែបង្ក្រាបចំពោះបទល្មើសជាក់ស្ដែង។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ុ វណ្ណសុភៈ បានឲ្យដឹងដែរថា រយៈពេលពីរថ្ងៃនេះ គិតពីថ្ងៃទី០៧ តុលាដល់០៩ តុលា ឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះដែលដឹកនាំដោយព្រះរាជអាជ្ញា បានធ្វើការបង្ក្រាបបានចំនួន៣ទីតាំងមកហើយ ក្នុងនេះនៅស្រុកកែវសីមា១កន្លែង និងស្រុកពេជ្រាដាចំនួន២កន្លែង និងបន្តធ្វើទាំងអស់ទូទាំងខេត្តមណ្ឌលគិរី។ លោកបញ្ជាក់ថា រោងសិប្បកម្មដែលមានច្បាប់អនុញ្ញាតឲ្យកែច្នៃរឈើក្នុងខេត្តមណ្ឌលគិរី មានចំនួនមិនច្រើនទេ តែចំពោះសិប្បកម្មខ្នាតតូចរបៀបលួចលាក់មានច្រើនត្រូវតែបង្ក្រាបទាំងអស់។

យោងតាមប្រភពដែលអាចទុកចិត្តបាន នៅស្រុកពេជ្រាដា ពិសេសនៅចំណុច ភូមិដេអេ ឃុំពូជ្រៃ កើតមានរោងសិប្បកម្មជាច្រើនកន្លែងយ៉ាងអនាធិប្បតេយ្យជាយូរឆ្នាំមកហើយ ដោយគេមិនដែលឃើញមានការបង្ក្រាបនោះទេ ហើយទីតាំងទាំងនោះស្ថិតនៅក្នុងដែនជម្រកសត្វព្រៃស្រែព ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថាន ដែលមានលោក ប៉ែត ភក្រ្តា ជានាយកដែនជម្រសត្វព្រៃផងដែរ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារបានធ្វើការរិះគន់ដល់មន្ត្រីបរិស្ថានដែលគ្រប់គ្រងនៅទីនោះថា បានបណ្តែតបណ្ដោយឲ្យកើតមានបទល្មើមឈើខុសច្បាប់ ព្រមទាំងបណ្ដែតបណ្ដោយឲ្យកើតមានរោងសិប្បកម្មរាប់សិបកន្លែង ដោយពុំមានការបង្ក្រាបក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយពួកគាត់បានដាក់ការសង្ស័យថា ក្រុមមន្ត្រីជំនាញខាងបរិស្ថាន ពិសេសលោក ប៉ែត ភក្រ្តា ជានាយកដែនខាងលើ អាចជាប់ពាក់ព័ន្ធនិងការទទួលសំណូកច្រើនសំបើមណាស់ហើយមើលទៅ ទើបរោងសិប្បកម្មច្នៃឈើទាំងនោះដំណើរការបានយ៉ាងរលូនបែបនេះ៕ ដោយ ៖ ជឹម ទូច