ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ណែនាំថ្នាក់ដឹកនាំសាលាពលទាហានទី៥ បន្តខិតខំបំពេញភារកិច្ចដើម្បីសម្រេចសមិទ្ធផលវិជ្ជមាន

ខេត្តបាត់ដំបង៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីប្រកាសតែងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្តិជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងសម្ពោធសមិទ្ធផលនានា នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក នៅខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានណែនាំឱ្យនាយក នាយករង ជាថ្នាក់ដឹកនាំសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក នៅខេត្តបាត់ដំបង ខិតខំបំពេញភារកិច្ច ០៣ សំខាន់ គឺ ថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំជំនាន់មុនបានបន្សល់ទុកឱ្យ។ កសាង និងពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតលើគ្រប់វិស័យ ជាមួយនឹងការធ្វើទំនើបកម្មឥតឈប់ឈរទាំងលើកត្តាមនុស្ស និងកត្តាសម្ភារ និងខិតខំរៀបចំមូលដ្ឋានសម្រាប់កម្លាំងបន្តវេន។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យនាយទាហាន បន្តរក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមានភាពដាច់ខាតក្នុងការធានាការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និងបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដើម្បីធានាការពារសន្តិភាព និរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ។

ឯកឧត្តមបានថ្លែងថា ការហ្វឹកហ្វឺន គឺជាមធ្យោបាយគន្លឹះនៃការធានាសមត្ថភាពកងទ័ព និងនិរន្តភាពនៃកិច្ចការពារជាតិ។ ឯកឧត្តមបញ្ជាក់ថាសាលាហ្វឹកហ្វឺន គឺជាកន្លែងដ៏មានសារៈសំខាន់សម្រាប់បណ្តុះបណ្តាលយោធិននៃកងយោធពលខេមរភូមិន្ទឱ្យមានឆន្ទៈស្មោះត្រង់មោះមុតដាច់ខាត ស្មារតីប្រយុទ្ធរឹងមាំ ទឹកចិត្តតស៊ូក្លាហាន និងប្រកបដោយជំនាញច្បាស់លាស់ តាមរយៈការអភិរក្សផ្នែកស្មារតី និងការធ្វើទំនើបកម្មផ្នែកសម្ភារ ដើម្បីបម្រើឱ្យបុព្វហេតុការពារជាតិ និងប្រជាជនពីមួយជំនាន់ទៅមួយជំនាន់។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសរំលេចថា អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ ក្នុងនាមជាកម្លាំងរបស់ជាតិ និងប្រជាជន មានកាតព្វកិច្ច៖ ១) រក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមានភាពដាច់ខាតក្នុងការធានាការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ និង២) បន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដើម្បីធានាការពារសន្តិភាព និរន្តរភាព និងផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ៕