វគ្គបណ្តុះបណ្តាលបំប៉នស្តីពីការអនុវត្តន៍លើកកម្ពស់អនាមយ័ និងទឹកស្អាតនៅតាមសហគមន៍ 

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩ នេះ គម្រោងបង្កើននិរន្តភាពការប្រើប្រាស់ទឹកស្អាត និងការអនុវត្តអនាម័យ (Increased Sustainable Access to WASH Facility Project) របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ក្រោមជំនួយឧបត្ថម្ភថវិកាពីមូលនីធិកាទ្យេ តាមរយៈសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម IFRC បានរៀបចំបើកវគ្គបណ្តុះបណ្តាលបំប៉នស្តីពីអនុវត្តការលើកកម្ពស់អនាម័យ នឹងទឹកស្អាត តាមសហគមន៍ និងផែនការសុវត្ថិភាពទឹក ជូនដល់អ្នកស្មគ្រ័ចិត្តចំនួន៥៧នាក់ នៅក្នុងឃុំបុសលាវ ស្រុកចិត្តបុរី ខេត្តក្រចេះ ក្រោមវត្តមាន លោក ថោង វីរ៉ាដា នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ។

វគ្គនេះដែរត្រូវដំណើរការរយៈពេលពេញមួយ ថ្ងៃនៅសាលាអនុវិទ្យាល័យបុសលាវ ក្នុងគោលបំណងផ្តល់ចំណេះដឹងទាក់ទងនឹងស្ថានភាពសុខភាពអនាម័យ និងផ្តល់វិធីសាស្រ្តលើកកម្ពស់អនាម័យ សុខភាពតាមសហគមន៍ដោយផ្តោតជាសំខាន់លើការលាង សម្អាត ដៃជាមួយសាប៊ូ, ការសាងសង់ និងប្រើប្រាស់បង្គន់, ការហូប និងទុកដាក់ទឹកឲ្យមានសុវត្ថិភាព។  ក្រៅពីនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹង ដល់មូលដ្ឋាននៃការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈម, ការប្រើប្រាស់ និងថែទាំបង្គន់ មុនពេល ក្នុងពេល និងក្រោយពេលទឹកជំនន់, ផ្តល់ចំណេះដឹង និងបទពិសោធន៍ទាក់ទងនឹងជំនាញសម្របសម្រួលសម្រាប់ប្រើប្រាស់ក្នុងការមានជាមួយកម្មវិធីជួបប្រជាសហគមន៍៕ ដោយ ៖ ស៊ាន ចន្ទ័ដា