រដ្ឋបាលខេត្តស្វាយរៀងប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់លើផែនការសន្តិសុខ សណ្តាប់ធ្នាប់ក្នុងព្រះរាជពិធីបុណ្យអុំទូក

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់លើការងារសំខាន់ៗមួយចំនួន និងផែនការសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងឪកាសព្រះរាជពិធីបុណ្យអុំទូក។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាំវ អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធាន មន្ទីរ អនុប្រធានមន្ទី អង្គភាពនានា លោកអភិបាល អភិបាលរងក្រុង.ស្រុកទាំង៨ លោកមេឃុំ ចៅសង្កាត់ ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ សរុបវត្តមាន៦៤៩នាក់។

មានប្រសាសន៍ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ លោកអភិបាលខេត្តស្វាយរៀងបានលើកឡើងថា កម្ពុជាធ្លាប់ឆ្លងកាត់ហើយនូវរបបខ្មៅងងឹតអស់រយះពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃ ហើយទម្រាំបានរស់សុខស្រួលដូចបច្ចុប្បន្ននេះគឺដោយសារការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដូច្នេះបើគ្មានសន្តិភាពមិនបាច់និយាយដល់ការអភិវឌ្ឍនោះទេ យើងត្រូវតែរួមគ្នាការពារសន្តិភាពនេះ ឱ្យបានស្ថិតស្ថេរគង់វង្សជានិរន្ត ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការប្រកបការងារចិញ្ចឹមជីវិត ព្រមទាំងមានឱកាសគ្រប់គ្រាន់ក្នុងការដើរហើរ និងសិក្សាលើមុខជំនាញផ្សេងៗផងដែរ។

លោកបន្តថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួម ទប់ស្កាត់បដិវត្តពណ៌ដែលកើតចេញពីក្រុម ឧទ្ទាមក្រៅច្បាប់ដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី កំពុងប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ បន្ថែមលើនេះ លោកអភិបាលខេត្តបានផ្តាំផ្ញើដល់ អភិបាលក្រុងស្រុក មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវខិត ខំអនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណសំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា៕