ឈើ​គ្រញូង​ប្រមាណ​៣​តោន ត្រូវ​សមត្ថកិច្ច​ថៃ​បង្ក្រាប ខណៈ​បំ​រុង​ចូលកម្ពុជា​

​ខេត្តបន្ទាយមានជ័យ ៖ ឈើ​គ្រញូង​ប្រមាណ​៣​តោន​ម៉ូតូ​១២​គ្រឿង​និង​ត្រាក់ទ័រ​១​គ្រឿង​របស់​ឈ្មួញ​ជនជាតិ​ថៃ បម្រុង​នាំ​ឆ្លងដែន​ចូលមក​ទឹកដី​កម្ពុជា​ខុសច្បាប់​តាម​ច្រករបៀង​ត្រូវបាន​សមត្ថកិច្ច​ចំរុះ​ថៃ​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ គ្រា​ដែល​ឈើ​គ្រញូង ម៉ូតូ​រួម​និង ត្រាក់ទ័រ ទាំង​នោះបាន​យកមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​មួយកន្លែង​ជាប់​ព្រំដែន​ថៃ​-​កម្ពុជា ក្នុងភូមិ​ណឺ​ន​សំបួរ ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​បើ​យោងតាម​ការដកស្រង់​ពី​កាសែត​ថៃ​ឱ្យដឹងថា ៖​ម្ចាស់​ទីតាំង​ស្តុក​ឈើ​គ្រញូង ម៉ូតូ និង​ត្រាក់ទ័រ​ខាងលើ ត្រូវបាន​គេ​ស្គាល់ឈ្មោះ សង់​ហាន ប៊ី​យូ​ឌី ដែលជា​ឈ្មួញ​ថៃ មាន​ទំនាក់ ទំនង​រកស៊ី​អំពើ​ល្មើសច្បាប់​ឆ្លងដែន​ជាមួយ​ឈ្មួញ​ខ្មែរ ហើយ​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ថៃ​មិនបាន​ឃាត់ខ្លួន​ឈ្មួញ​ជនជាតិ​ថៃ​ឈ្មោះ​សង់​ហាន ប៊ី​យូ​ឌី នោះទេ ដោយ​រត់​គេចខ្លួនបាត់។ សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​កម្មករ ជនជាតិ​ថៃ​២​នាក់​និង​រថយន្ត​១​គ្រឿង ឈើ​គ្រញូង​ប្រមាណ​៣ តោន ម៉ូតូ​១២​គ្រឿង ក្នុងនោះ ម៉ូតូ​ម៉ាក​ហុ​ដា​PCX ៩​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា​CLICK២​គ្រឿង និង​ម៉ូតូ​ម៉ាក​ហុងដា​SCOOPY ១​គ្រឿង​។​

​បើ​យោងតាម​ការដកស្រង់​ចេញពី​កាសែត​ថៃ​ឱ្យដឹងទៀតថា ​ឈើ​គ្រញូង ម៉ូតូ និង​ត្រាក់ទ័រ​ខាងលើ បម្រុង​នាំ​ឆ្លងដែន​ចូល​កម្ពុជា តាម​ច្រករបៀង រវាង​ចន្លោះ​ភូមិ​ចំការ​គរ​និង​បឹង​ត្រកួន ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​៕