ស្លាប់២នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៨ ខែតុលានេះ

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់៤លើក) បណ្ដាលឲ្យមនុស្សស្លាប់២នាក់ (ស្រីម្នាក់), របួសស្រាល៥នាក់ (ស្រី៣នាក់) និងរបួសធ្ងន់៧នាក់ (ស្រី៣នាក់)។ នេះយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល។

របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន៨គ្រឿង, រថយន្តតូច៥គ្រឿង, រថយន្តធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់ និងកត្តាយាន។

របាយការណ៍បញ្ជាក់ថា រយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៦៣លើក, បណ្ដាលឲ្យមនុស្សស្លាប់៧៥នាក់ របួសធ្ងន់១៩១នាក់ និងរបួសស្រាល១១៣នាក់៕