ប្រជាពលរដ្ឋស្នើឲ្យម្ចាស់ Resort 360 បើកផ្លូវឡើងវិញ ខណៈកំពុងរំលោភលើផ្លូវសាធារណៈរបស់រដ្ឋ

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋរស់នៅភូមិ២ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុស្នើឲ្យម្ចាស់ Resort 360 បើកផ្លូវឡើងវិញ ខណៈកំពុងរំលោភលើផ្លូវសាធារណៈរបស់រដ្ឋ ដោយថ្មីៗនេះផ្លូវមួយខ្សែដែលពលរដ្ឋបានអះអាងថា ជាផ្លូវពីសម័យដើមដែលពួកគាត់ធ្លាប់ធ្វើដំណើរឆ្លងកាត់។

ពាក់ព័ន្ធនឹងទំនាស់ផ្លូវចេញចូល នៅចំណុច រីសត យីហោ (360 RESORT) បើយោងតាមកំណត់ហេតុការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ លេខ ០០៨/១៩ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០១៩ អ្នកស៊ើបអង្កេត និងធ្វើបទសម្ភាសន៍ពីឈ្មោះ អ៊ឹង សំអាង អាយុ៦៤ឆ្នាំ ជាមន្ត្រីរាជការចូលនិវត្តន៍ ដើមបណ្ដឹងសុំអន្តរាគមន៍ពីអភិបាលខេត្តព្រះសីហនុពីការសាងសង់ផ្លូវសាធារណៈខុសច្បាប់លេខ ១១២១៦ និងស្នើសុំបើកផ្លូវដើម្បីតភ្ជាប់រវាងអន្តរភូមិ២ សង្កាត់លេខ៣ ទៅភូមិ៣ សង្កាត់លេខ១ (ពីបុរីកម្មករដល់វត្តលើ) ជាប់ជាមួយនិង រីស្សត (360 RESORT)។

យោងតាមលិខិតរបស់ក្រសួងដែនដី នគរូបណីកម្ម និងសំណង់ លេខ ១៩៤៦ ដនស/ អរប/នរប ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៧ គោរពជូនឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កម្មវត្ថុ ករណីសុំអន្តរាគមន៍បើកផ្លូវលេខ ១១២១៦ ធ្វើផ្លូវដើម្បីតភ្ជាប់រវាងអន្តរភូមិ២ សង្កាត់លេខ៣ ទៅភូមិ៣ សង្កាត់លេខ១ (ពីបុរីកម្មករដល់វត្តលើ) ក្រុងព្រះសីហនុ និងយោង លិខិតលេខ ១១៣៥ ខន/០១៧ ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៧ របស់ខុទ្ទកាល័យសម្ដេចតេជោ និងចំណាររបស់ទេសរដ្ឋមន្ត្រី ចុះថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៧ និងក្រសួងបានស្នើសុំឲ្យអភិបាលខេត្តពិនិត្យលើសំណូមពរនេះ សូមឯកឧត្ដមអភិបាលខេត្ត មេត្តាចាត់ចែងអនុវត្តន៍តាមការគួរ។

ជុំវិញបញ្ហានេះមេការរីស្សត យីហោ (360 RESOR) ឈ្មោះ ឆាយ ចាន់ធី (CHENG CHANTHY) ជនជាតិខ្មែរបានឲ្យដឹងថា បញ្ហាផ្លូវនេះគាត់មិនអាចអារកាត់បានទេ ដោយកំពុងរង់ចាំម្ចាស់រីស្សតមកពីបរទេសសិន និងយកឯកសារ ពាក់ព័ន្ធជាមួយផ្លូវនេះទៅផ្ដល់ជូនក្នុងការផ្ទៀងផ្ទាត់។

លោក សម សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុបានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា រាល់ឯកសារដែលប្រជាពលរដ្ឋបានស្នើសុំទាំងនោះលោកបានបញ្ជូនទៅរដ្ឋបាលខេត្តរួចរាល់អស់ហើយ ហើយឯកឧត្តមអភិបាលខេត្តក៏បានចុះហត្ថលេខារួចហើយដែរ រង់ចាំខាងអន្តរវិស័យចុះពិនិត្យជាក់ស្តែង។

ពាក់ព័ន្ធបញ្ហានេះ បើមើលតាមឯកសារ ប្រភព និងការស្នើសុំរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវលំខាងលើគឺពិតជាពលរដ្ឋទាំងនោះបានធ្វើការស្នើសុំពិតប្រាកដមែន ហើយបើតាមការលើកឡើងរបស់ពលរដ្ឋថា ផ្លូវនេះមានប្លង់មេតាំងពីដើមមក មិនមែនជាផ្លូវឯកជនណាមួយនោះទេ ប៉ុន្តែរដ្ឋបាលខេត្ត រដ្ឋបាលក្រុងក៏ធ្លាប់បានចុះត្រួតពិនិត្យរួចរាល់ហើយដែរ តែមិនទាន់ឃើញមានចំណាត់ការណាមួយដោះស្រាយជូនពួកគាត់នៅឡើយទេ ខណៈរាល់ថ្ងៃនេះឃើញមានតែខាងរីស្សត កំពុងរៀបចំធ្វើរបងជាប់នឹងដីចំណីផ្លូវនេះយ៉ាងសកម្មទៅវិញ៕ ដោយ ៖ តឹង សុភាព