ទូរទស្សន៍​ក្រៅប្រទេស​ចំនួន​៤ ហើយ​បាន​ទិញ​សិទ្ធិ​ផ្សាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ារ៉ា​ហ្គេម​នៅ​កម្ពុជា​

ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ និង អា ស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ (CAMSOC-CAMAPGOC) កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមីនា បានរៀបចំ​សន្និសីទ​មួយ ស្តីពី​សារព័ត៌មាន និង​ការផ្សព្វផ្សាយ ព្រឹត្តិការណ៍​ទាំងពីរ​ខាងលើ ដោយមាន​ការចូល រួម​ពី​ប្រពន្ធ​ផ្សព្វផ្សាយ សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ជិត​១០០​នាក់​។

​ក្នុងឱកាស​នោះដែរ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី ៣២ បាន​ឲ្យ​ដឹងផង​ដែរ​ថា មកដល់ពេលនេះ​ដំណើរ​ការលក់​សិទ្ធ​ផ្សាយបាន​ឈានដល់​សម្រេចបាន ៥០ ភាគរយ ពោល​គឺមាន​ទូរទស្សន៍​ក្រៅប្រទេស​ចំនួន ៤ ហើយ​ដែល​បាន​ទិញ​សិទ្ធ​ផ្សាយ រួមមាន វៀតណាម​, ម៉ាឡេស៊ី​, សិង្ហ​បុរី​, និង​ឥណ្ឌូណេស៊ី បូក​ទាំង​កម្ពុជា ដែលមាន​ទូរទស្សន៍​កីឡា​កម្ពុជា (CSTV) ជា​អ្នករក្សា​សិទ្ធិ​ផ្សាយ សហការ​ជាមួយ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​៕