ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ និងសម្រេចបាននូវសមិទ្ធផលជាច្រើន

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកង​ទ័ព​ជើង​គោក នៃកងយោធពលខេមរភូមិន្ទ លើកឡើងថា ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ និងសម្រេចបាននូវសមិទ្ធផលជាច្រើនមកហើយ ជាពិសេសក្នុងវិស័យហ្វឹកហ្វឺន។ ការហ្វឹកហ្វឺននេះ បានបង្កើនសមត្ថភាព និងប្រសិទ្ធភាពឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របតាមការវិវឌ្ឍប្រែប្រួលនៃសភាពការណ៍។

ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣៤ ជំនាញឆត្រ​បញ្ជាជំនាន់ទី៦ ជំនាញឯកទេសមុជទឹកជំនាន់ទី៩ និងជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ព​ជើង​គោកនាព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការកែទម្រង់កងទ័ពត្រូវបានអនុវត្តជាប់ជាប្រចាំ និងសម្រេច​បាន​នូវ​សមិទ្ធផលជាច្រើនមកហើយ។ ប៉ុន្តែកំណែទម្រង់លើការហ្វឹកហ្វឺនកងទ័ព គឺជាកំណែទម្រង់ដែលឯកឧត្តមពេញចិត្តបំផុត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការហ្វឹកហ្វឺន ដើម្បីគោលបំណងធំពីរ គឺ៖ ទី១. ការបង្កើនសមត្ថភាព និងប្រសិទ្ធភាពឆ្លើយតបចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខស្របទៅតាមការវិវត្តប្រែប្រួលនៃសភាពការណ៍, និងទី២. ការធានាភាពម្ចាស់ការឯករាជ្យក្នុងការហ្វឹកហ្វឺន ដើម្បីពង្រឹងនិរន្តភាពនៃសមត្ថភាពឆ្លើយតបចំពោះបញ្ហាប្រឈមទាំងក្នុងសមរភូមិបែបប្រពៃណី ដែលសំដៅដល់ការប្រយុទ្ធបែបកម្លាំងទល់នឹងកម្លាំង និងសមរភូមិមិនមែនប្រពៃណី ដែលសំដៅដល់ការប្រយុទ្ធនឹងអំពើភេរវកម្ម និងគ្រោះមហន្តរាយនានា ជាដើម។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា កំណែទម្រង់ហ្វឹកហ្វឺននេះ ការបង្កើតសាលាបម្រើដល់ការហ្វឹកហ្វឺន គឺជារឿងសំខាន់ណាស់។ និយាយដល់ចំណុចនេះ ឯកឧត្តម ឧត្តមសេនីយ៍ ក៏បានបង្ហាញមោទកភាពចំពោះការបង្កើតសាលាហ្វឹកហ្វឺនបញ្ជាការដ្ឋានទ័ពពិសេស ព្រោះលោកបានចូលរួមចំណែកបង្កើតឡើង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់ទៀតថា បន្ថែមពីលើការបង្កើតសាលាហ្វឹកហ្វឺនហើយនោះ ក៏បានកែសម្រួលបទដ្ឋានគតិយុត្តិ ដោយបានកែប្រែពីអង្គភាពហ្វឹកហ្វឺន ចំណុះឱ្យទ័ពពិសេសកងពល៩១១ ទៅជាសាលា​ហ្វឹក​ហ្វឺន ហើយចេញក្របខណ្ឌយោធាចារ្យច្បាស់លាស់។ លើសពីនេះទៀត គឺការបង្កើនមូលដ្ឋានសម្រាប់ហ្វឹកហ្វឺន ប្រែពីមូលដ្ឋានខ្ចីដីគេលោត ខ្ចីដីគេហាត់ ទៅជាមានមូលដ្ឋានរឹងមាំ មានច្បាប់ច្បាស់លាស់។

សម្រាប់ឯកឧត្តម ឧត្តមសេនីយ៍ឯកឧត្តម ហ៊ុន ម៉ាណែត ការចូលរួមចំណែកធ្វើកំណែទម្រង់លើការហ្វឹកហ្វឺននេះ គឺជាមោទនភាពមួយរបស់ឯកឧត្តម ក្នុងនាមជានាយទាហ៊ានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរចំពោះសិក្ខាកាមទាំងអស់ដែលបានតស៊ូព្យាយាមហ្វឹកហ្វឺនរៀនសូត្រ និងអត់ធន់ជម្នះការលំបាករហូតបានបញ្ចប់វគ្គដោយជោគជ័យជាមួយនឹងលទ្ធផលគួរជាទីមោទនៈ ហើយសង្ឃឹមថាប្អូនៗនឹងប្រើប្រាស់ចំណេះដឹងទាំងផ្នែកទ្រឹស្តី និងការអនុវត្តទទួលបានពីវគ្គហ្វឹកហ្វឺន សម្រាប់យកទៅបំពេញរាល់ភារកិច្ចនៅតាមបណ្តាកងឯកភាពឱ្យកាន់តែមានប្រសិទ្ធភាព

សូមជម្រាបថា សមិទ្ធផលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួមមានជាអាទិ៍៖ ស្ពានឆ្លងស្ទឹងតាសាល, ផ្លូវ និងលូភ្ជាប់ពីសាលាឆត្រយោងទៅសាលាទ័ពពិសេស, អគារពហុសិក្សា, សំណង់បច្ចេកទេសលោឆត្រ (Tower), អគារស្នាក់នៅរបស់កងឧទ្ធម្ភាគចក្រ និងកងការពារ ដែលត្រូវបានកសាងឡើងក្រោមការជួយឧបត្ថម្ភគាំទ្រពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងអង្គភាពសម្ព័ន្ធមេត្រីភាព និងសប្បុរសជននានា៕