លោកស្រី ម៉ែន សំអន ៖ សន្និសីទអន្តរជាតិវិនិយោគចិន-កម្ពុជារួមចំណែកដ៏សំខាន់ក្នុងការជំរុញវិនិយោគិនដែលចង់មកវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតី ក្នុង”សន្និសីទអន្តរជាតិវិនិយោគចិន-កម្ពុជា” នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ថ្ងៃច័ន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានមានប្រសាសន៍ថា កម្ពុជា-ចិន បានចាប់ផ្តើមមានទំនាក់ទំនងការទូតជាផ្លូវការ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨មក ពោលគឺតាំងពីជំនាន់អតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោកប្រធាន ម៉ៅ សេទុង ជាពិសេស ជំនាន់សម្តេចតេជោ ហ៊ុន សែន និងលោកប្រធាន ស៊ី ជិងពីង។

លោកស្រីបន្តថា តាមរយៈទំនាក់ទំនដ៏ល្អនេះក៏នៅតែបន្តរហូតដល់បច្ចុប្បន្ននេះ សម្តេចតេជោបានណែនាំថា ត្រូវ «រក្សាអ្នកវិនិយោគចិនដែលមានស្រាប់ឲ្យនៅប្រទេសកម្ពុជា និងជំរុញឲ្យមានអ្នកវិនិយោគចិនថ្មីមកកម្ពុជាបន្ថែមទៀត» ក្នុងនោះទំហំពាណិជ្ជកម្មរវាងប្រទេស កម្ពុជា និងចិន មានការកើនឡើងជាបន្តបន្ទាប់ ដែលគោលដៅក្នុងការធ្វើពាណិជ្ជកម្ម ដល់ឆ្នាំ២០២២ អាចកើនឡើងរហូតដល់ទៅ ១០ ពាន់លានដុល្លារអាមេរិក។

ជាមួយគ្នានោះលោកស្រីក៏បានគាំទ្រនូវគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវាត់មួយ ដែលរដ្ឋាភិបាលចិនបានដាក់ចេញពិតជាបានពង្រីក និងលើកកម្ពស់ «ភាពជាដៃគូដែលមានប្រយោជន៍ទៅវិញទៅមក» «កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ» និង «វិបុលភាពរួមគ្នា» រវាងបណ្តាប្រទេសនៅតាមខ្សែក្រវាត់ និងផ្លូវ តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និងប្រជាជន ក៏ដូចជាសហប្រតិបត្តិការផ្នែកធុរកិច្ច វប្បធម៌ និងវិស័យសំខាន់ៗដទៃទៀតទាំងបច្ចុប្បន្ន និងអនាគត។ លោកបញ្ជាក់ថា ការរីកចំរើនខាងលើ អាចកើតឡើងបាន ក៏ដោយសារការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសកម្ពុជាទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា សន្និសីទវិនិយោគ ចិន-កម្ពុជា នាថ្ងៃនេះ ពិតជានឹងរួមចំណែកដ៏សំខាន់ និងបានចែករំលែកនូវបទពិសោធន៍ល្អៗ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជាវេទិកាមួយផ្តល់ព័ត៌មានសក្តានុពលពិតប្រាកដ ដល់វិនិយោគិនដែលមានបំណងចង់មកវិនិយោគបណ្តាក់ទុនវិនិយោគឱ្យបានយល់កាន់តែច្បាស់អំពីកម្ពុជា៕