ប្រជុំផ្សព្វផ្សាយស្តីពីការផលិត និងការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក

ខេត្តមណ្ឌលគិរី ៖ កិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការពង្រឹងអនុវត្ត ខ្លឹមសារប្រកាសលេខ០៤៨ កជអជ ស្តីពីកាផលិត ការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក និងសារៈសំខាន់ នៃការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក ក្រោមវត្តមាន វ៉ា សុផល អគ្គនាយរងផែនការ នៃក្រសួងផែនការ លោក លី សាមិ សមាជិកក្រុមប្រឹក្សាខេត្ត លោក ឈឹម កាន អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង កងកម្លាំងទាំងបី និងអង្គការស្ថាប័នប្រមាណជា១០០នាក់ ដែលប្រព្រឹត្តទៅនៅផ្ទះសំណាក់ពេជ្រដា ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។

លោក វ៉ា សុផល អគ្គនាយករងផែនការ បានលើកឡើង ក្នុងគោលបំណង ដើម្បីរំលឹក និងពង្រឹងឡើងវិញនូវគោលដៅ និងយុទ្ធសាស្រ្ត នៃការអនុវត្តខ្លឹមសារប្រកាសលេខ០៤៨ កជអជ ស្តីពីការផលិត ការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវមានជាតិដែក និងពង្រឹងការអនុវត្តស្តង់ដា សម្រាប់ទឹកត្រី ទឹកស៊ីអ៊ីវ ជាពិសេស ការចរាចរ និងការនាំចូលទឹកត្រី ទឹកស៊ីអ៊ីវគ្មានជាតិដែក មកក្នុងប្រទេសកម្ពុជា ក៏ដូចជា ធ្វើយ៉ាងណារក្សាឱ្យបាននូវចីរភាព នៃកម្មវិធីបញ្ចូលជាតិដែកក្នុងទឹកត្រី ទឹកស៊ីអ៊ីវ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះលោកអគ្គនាយករងក៏បានណែនាំដល់គ្រប់មន្ទីរស្ថាប័ន អង្គការដៃគូ ជាពិសេស ផលិតករ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ សូមដាក់លក់ និងប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវ មានបិទស្លាកនៅលើសំបកដប ដែលទទួលស្គាល់ដោយគណៈកម្មាធិការជាតិបញ្ចូលមីក្រូសារជាតិក្នុងចំនីនៅកម្ពុជា ដើម្បីការពារ និងកាត់បន្ថយភាពស្លេកស្លាំង។

លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរី បានគាំទ្រទាំងស្រុង ចំពោះអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ ដែលបានបើកកិច្ចប្រជុំដ៏មានសារៈសំខាន់នៅខេត្តមណ្ឌលគិរីនាពេលនេះ ដើម្បីឱ្យអង្គភាពស្ថាប័ន អាជីវករ និងប្រជាពលរដ្ឋនៅក្នុងខេត្ត មានការយល់ដឹង និងគុណប្រយោជន៍ អំពីការប្រើប្រាស់ទឹកត្រី ទឹកស៊ីអ៊ីវ មានជាតិដែកនេះផងដែរ។

សូមបញ្ជាក់ថា លទ្ធផលនៃការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ២០១៤ បានបង្ហាញឱ្យឃើញថាភាពស្លេកស្លាំង  ក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ មាន៥៥,៥% និងស្រ្តីក្នុងវ័យបន្តពូជ ចាប់ពីអាយុ១៥-៤៩ឆ្នាំ មាន៤៥,៤%។ ដោយឡែកនៅខេត្តមណ្ឌលគិរី ភាពស្លេកស្លាំង ក្នុងចំណោម កុមារអាយុក្រោម ៥ឆ្នាំ មាន៥៨% និងស្រ្តីក្នុងវ័យបន្តពូជ ចាប់ពីអាយុ១៥-៤៩ឆ្នាំ មាន៤២%៕ ដោយ ៖ ជឹម ទូច