សម្ដេចតេជោ​ ហ៊ុន​ សែ​ន​ អញ្ជើញពិសាអាហារពេលព្រឹកការងារជាមួយ នាយករដ្ឋមន្រ្តីវៀតណាម និង នាយករដ្ឋមន្រ្តីឡាវ

បាងកក ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅមុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តី​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។

នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការរិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងបី ពិសេសការរិះរកគ្រប់មធ្យោបាយ ក្នុងការជំរុញកិច្ចអភិវឌ្ឍ សម្រាប់ប្រទេសទាំងបី ដែលក្នុងនោះភាគីទាំងបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើការបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថិរភាព ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។

នៅក្នុងជំនួបពិភាក្សាអាហារពេលព្រឹកការងារនោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី ក៏បានធ្វើការពិនិត្យរួមគ្នាការងារជាអាទិភាពមួយចំនួន សម្រាប់គម្រោងអាទិភាពនៃការអភិវឌ្ឍឲ្យមានការតភ្ជាប់និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែទទួល បាន នូវការលើកកម្ពស់ និងមានជីវភាពកាន់តែប្រសើរឡើង៕