ប្រជាពលរដ្ឋជាង ១ពាន់នាក់ក្នុងខណ្ឌច្បារអំពៅបានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រតិបត្តិ និងជាប្រធានបេសកកម្ម បាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២៦៥នាក់ចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅចំនួន ១ ៥៨៧នាក់ បានទទួលការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សរុបជំងឺបានចំនួន ៣ ០៩៤ករណី ។

អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្ម TYDA  លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង បានមានប្រសាសន៍ថា តាងនាមឱ្យប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាសប្បាយរីករាយដែលបានចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនាឱកាសនេះ។

លោកបានបន្តទៀតថាលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយមានការមមាញឹកនិងកិច្ចការងារច្រើនលោកទាំងពីរបានផ្តាំផ្ញើតាមរយៈលោកឱ្យក្រុមការងារជួយយកចិត្តទុកដាក់នៅក្នុងការពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋទាំងអស់គ្នាដោយការទទួលខុសត្រូវប្រកបដោយប្រសិទ្ធិភាពខ្ពស់។

លោកវេជ្ជបណ្ឌិតរូបនេះបានបន្ថែមទៀតថា គោលបំណងធំរបស់ (TYDA) គឺចូលរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ និងដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសទីជនបទដាច់ស្រយាលនានា ព្រមទាំងចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យសុខាភិបាល ក៏ដូចជាបានផ្តល់ឱកាសដល់និស្សិត និងយុវជនស្មគ្រ័ចិត្តដ៏ទៃទៀតអោយបានចូលរួមចំណែកបំរើការងារមនុស្សធម៍ដល់សង្គមជាតិផងដែរ។

ក្នុងឱកាសនោះលោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅបានមានឱ្យដឹងថា ក្នុងនាមរូបលោកផ្ទាល់ និងជំនួសមុខឱ្យក្រុមប្រឹក្សាខណ្ឌច្បារអំពៅ គណអភិបាលខណ្ឌ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋទាំងអស់ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពិតជាមានក្តីសោមនស្សសប្បាយរីករាយក្រៃលែងចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ដែលបាននចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅ ឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ នាពេលនេះ និងសូមសំណូមពរដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបន្តចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជាបន្តបន្ទាប់ទៀត។

តាមរបាយការណ៍បានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលជំងឺទាំងអស់មានចំនួន ១ ៥៨៧នាក់ ស្មើនឹង ៣ ០៩៤ករណី ដោយក្នុងនោះមានជំងឺបញ្ជូនទៅព្យាបាលបន្តមាន ៣៧ករណី៕