សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យឈប់សម្រាកដោយមានប្រាក់បៀវត្សរយៈពេល ៣ថ្ងៃនៃថ្ងៃបោះឆ្នោត

ខេត្តកំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថាថ្ងៃទី២២ ទី២៣ និងទី២៤ ខែកក្កដា ត្រូវសម្រេចឲ្យកម្មករកម្មការិនីអាចឈប់សម្រាកបានដោយមានប្រាក់បៀវត្សដើម្បីឲ្យពួកគេមានឱកាសនៅពេលវេលាគ្រប់គ្រាន់ចេញទៅបោះឆ្នោត។

ក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន ៦ពាន់នាក់នៅស្រុងគងពិសី ខេត្តកំពង់ស្ពឺព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងឱ្យជំរុញទៅដល់កម្មករកម្មការិនីអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាលើបក្សណាដែលខ្លួនឯងស្រឡាញ់ ជាមួយគ្នានោះសម្ដេចក៏បានអំពាវនាវទៅដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ត្រូវអនុញ្ញាតឲ្យកម្មករអាចឈប់សម្រាក ៣ថ្ងៃអំឡុងពេលបោះឆ្នោតដោយមានប្រាក់បៀវត្តន៍ផងដែរ។

សម្ដេចតេជោបញ្ជាក់ថា សម្ដេចនឹងរៀបចំអនុក្រឹត្យមួយដើម្បីបញ្ជាក់លើបញ្ហានេះ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយចំនួន១៨ ត្រូវបានគ.ជ.ប ចុះបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់បោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាខាងមុខនេះ៕