សម្តេចតេជោ៖ ដរាបណាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមិនទាន់បញ្ចប់នោះសេដ្ឋកិច្ចពិភពលោកនៅតែរងផលប៉ះពាល់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សម្ដេចមិនជឿថាសេដ្ឋកិច្ចពិភពលោកអាចងើបឡើងវិញបានងាយស្រួលនោះទេដរាបណាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅតែបន្ត។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោបានលើកឡើងថា ទីផ្សារដ៏ធំបច្ចុប្បន្នគឺសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដែលប្រទេសទាំងពីរនេះកំពុងប្រឈមទៅនឹងវិបត្តិនៃសង្គ្រាមរុស្ស៊ីឲ្យក្រៅ។

សម្ដេចតេជោបានលើកឡើងថា ជាមួយនឹងការមើលឃើញនៃវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជាខំប្រឹងពង្រីកទីផ្សារបន្ថែមដែលនឹងអាចទាក់ទាញ និងបង្កើនការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារទាំងនោះ។

សម្ដេចថា៖ «អញ្ចឹងទេបានជារាជរដ្ឋាភិបាលប្រឹងប្រែងមិនត្រឹមតែទីផ្សារជាមួយអាមេរិក និងអឺរ៉ុបទេ។ យើងបានបើកទីផ្សារជាមួយនឹងប្រទេសផ្សេងៗទៀត។ដូចជា កូរ៉េ ចិន អារ៉ាប់ និងប្រទេសផ្សេងៗទៀតដើម្បីធានាទីផ្សារនាំចេញរបស់កម្ពុជា»។

បើតាមសម្ដេចតេជោក្នុងឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជាមានទំហំប្រមាណជាង២៩ពាន់លានដុល្លារ ក្នុងនោះការនាំចេញនៃឧស្សាហកម្មកាត់ដេរ និងស្បែកជើងមានទំហំប្រមាណ ១៣ពាន់លានដុល្លារ ស្នើ១/៣នៃការនាំចេញរបស់កម្ពុជា៕