បទបញ្ជាលោក ឃួង ស្រេង គ្មានប្រសិទ្ធភាពលើចៅហ្វាយខណ្ឌសែនសុខ ខណៈសង្វៀនជល់មាន់ឧកញ៉ាដ៏មានឥទ្ធិពលម្នាក់នៅតែអាចដំណើរការរលូនគ្មានការបង្ក្រាប

ភ្នំពេញ ៖ ថ្មីៗនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អភិបាល ខណ្ឌទាំងអស់ត្រូវតែធ្វើការបង្ក្រាបល្បែងស៊ីសងខុស ច្បាប់ដូចជា ហ្គេមបាញ់ត្រី ឬល្បែងស៊ីសងតាមអនឡាញជាដើម។

លោក ឃួង ស្រេង បញ្ជាក់ថា បើសិនជាក្នុងទឹកខណ្ឌណាកើតមានល្បែងស៊ីសង អភិបាលខណ្ឌនោះនឹងប្រឈមការដកចេញពីតំណែងភ្លាម ! ប៉ុន្តែបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញហាក់ដូចជាពុំមានប្រសិទ្ធភាពទៅលើលោក ម៉ូវ ម៉ានិត អភិបាល ខណ្ឌសែនសុខ និងលោកស័ក្តិ៤ ហូរ ម៉េងវ៉ាង ជាអធិការខណ្ឌនោះឡើយ ខណៈមហាជនជាច្រើនមានការកត់ សម្គាល់ឃើញសង្វៀនជល់មាន់របស់ឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ (សូមលាក់ឈ្មោះទុសិន) នៅតែអាចដំណើរការយ៉ាងរលូនគ្មានការរំខានពីកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខឡើយ។

សូមបញ្ជាក់ថា សង្វៀនជល់មាន់ដុះស្លែមួយកន្លែងនៅចំណុចឃ្លាំងលេខ៩ក្នុងដីឡូត៍ “អតីតដីក្រុមហ៊ុនឧកញ៉ា ថៃ ប៊ុនរ៉ុង” ស្ថិតក្នុងភូមិកម្មករ សង្កាត់ទឹកថ្លា ខាងកើតផ្សារទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញកំពុងរងនូវការរិះគន់ថា អភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត ក៏ដូចជាអធិការខណ្ឌសែនសុខលោក ហូរ ម៉េងវ៉ាង កំពុងធ្វើរបាយការណ៍ភូតកុហក់ថ្នាក់លើ ហើយអាចជាការទទួលបានលាភសក្ការៈពីឧកញ៉ាម្ចាស់សង្វៀនជល់មាន់ខាងលើនោះផងមិនដឹង ទើបងើបគូថមិនរួចចុះទៅបង្រ្កាប ដើម្បីអនុវត្តន៍ឲ្យមានប្រសិទ្ធភាពតាមបទបញ្ជារបស់អភិបាលរាជធានីភ្នំពេញ និងស្របតាមគោលការណ៍៩ចំណុចភូមិ ឃុំមានសុវត្ថិភាព។

ចាំមើលថា តើលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនឹងងមានចំណាត់ការយ៉ាងណាចំពោះទីតាំងសង្វៀនជល់មាន់ចំណុចខាងលើនេះ ជាពិសេសគឺ ចំណាក់ការផ្នែករដ្ឋបាលទៅលើលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ដែលមិនព្រមអនុវត្តន៍តាមបទបញ្ជា ថែមទាំងបណ្តោយឲ្យកើតមានសង្វៀនជល់មាន់នៅកណ្តាលក្រុងបែបនេះ៕ “ព័ត៌មានលម្អិតនឹងមានផ្សាយនៅថ្ងៃច័ន្ទបន្ថែមទៀត” ដោយ ៖ ថោង វណ្ណា

(អធិការខណ្ឌសែនសុខ)