បែកធ្លាយរឿងអាស្រូវពុករលួយប្រធានក្រុមទិដ្ឋាការប្រចាំច្រកទ្វារព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប លោក រស់ លីហួត ពាក់ព័ន្ធការយកលុយពីភ្ញៀវលើសការកំណត់

ខេត្តសៀមរាប ៖ ក្រុមមន្ត្រីតូចតាចថ្នាក់ក្រោម ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានទម្លាយរឿងមិន ប្រក្រតីរបស់លោកវរសេនីយ៍ទោ រស់ លីហួត ប្រធានក្រុមទិដ្ឋាការប្រចាំច្រកទ្វារអន្តរជាតិ នៃព្រលាន យន្តហោះអន្តរជាតិខេត្តសៀមរាបថា បានបង្កើតឱ្យមានក្រុម VIP ចាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ  ដើម្បីបំពេញឯកសារ (VISA) លឿន និងយកលុយលើសការកំណត់។

មន្ត្រីនគរបាលអន្តោប្រវេសន៍តូចតាចប្រចាំច្រកទ្វារព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបបាន បង្ហើបថា លោកវរសេនីយ៍ទោ រស់ លីហួត អត្តលេខ៣៤៣២៤ ជាអនុប្រធានប៉ុស្តិ៍អាកាសយានដ្ឋាន អន្តរជាតិខេត្តសៀមរាប ដែលកន្លងមកថ្នាក់លើធ្លាប់បានដកបញ្ឈរជើង ហើយបច្ចុប្បន្នជាប្រធានក្រុមផ្តល់ទិដ្ឋាការប្រចាំច្រកទ្វារព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបនោះបានបង្កើតជាក្រុម VIP ដើម្បី ចាប់ភ្ញៀវទេសចរបំពេញឯកសារឲ្យលឿន និងឆាប់រហ័សដោយមិនចាំបាច់ឈរតម្រង់ជួរចាំយូរឡើយ តែត្រូវបានយកលុយលើសពីតារាងកំណត់របស់រដ្ឋ។

មន្ត្រីនគរបាលទិដ្ឋាការច្រកទ្វារអន្តរជាតិព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបបានបង្ហើបថា៖ « ការ យកលុយលើសតម្លៃសេវាដែលរដ្ឋបានកំណត់បែបនេះ គឺជាសកម្មភាពល្មើសច្បាប់តាមរបៀបពុករលួយ ប៉ុន្តែដោយលោកមានខ្សែបក្ខពួកច្រើនទើបគ្មានបញ្ហា និងអាចបែងចែកផលលាភមួយចំនួនជូន មេៗជាប្រចាំខែផងហើយមើលទៅ»។

លោកវរសេនីយ៍ទោ រស់ លីហួត ប្រធានក្រុមផ្តល់ទិដ្ឋាការប្រចាំច្រកទ្វារព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាបត្រូវបានប្រភពផ្ទៃក្នុងទម្លាយថា ការទារប្រាក់ថ្លៃទិដ្ឋាការ ( VISA FEES) ពីភ្ញៀវបរទេស ចូលមកប្រទេសកម្ពុជាលើសពីតម្លៃកំណត់របស់រដ្ឋបែបនេះ គឺជារឿងមិនប្រក្រតី ដែលស្នើសុំដល់ថ្នាក់លើពិនិត្យបញ្ហានេះផង។

ក្នុងប្រភេទទិដ្ឋាការរួមមានដូចជា ៖ ១- ទិដ្ឋាការភ្ញៀវទេសចរ (Tourist Visa (T) =30$ ) ស្មើនឹង ប្រមាណជាង១២ម៉ឺនរៀល ដែលរដ្ឋកំណត់បង់ទិដ្ឋាការ ប៉ុន្តែលោកប្រធានបានឲ្យមន្ត្រីនគរបាល ទិដ្ឋាការទារពីភ្ញៀវ៣៥ដុល្លារ។ ២- ទិដ្ឋាការធម្មតា (Ordinary Visa (E)=35$) លោកប្រធានឲ្យទារពី ភ្ញៀវ៤០ដុល្លារ។ ៣-ទិដ្ឋាការពិសេស (Special Visa (K)=(Cambodian Original) Gratis ឬភ្ញៀវជា អាណិកជនខ្មែរ ឬក៏ជាពលរដ្ឋបរទេសដើមកំណើតខ្មែរ (K) ដែលត្រូវបានរដ្ឋលើកលែងទិដ្ឋាការ (មិន យកលុយ) បែរជាលោកប្រធានតម្រូវឲ្យភ្ញៀវបង់លុយ៣០ដុល្លារផងដែរ។

មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះខាងលើបានឲ្យដឹងបន្តថា «មន្ត្រីនគរបាល ទិដ្ឋាការដែលអនុវត្តរឿងអាស្រូវពុករលួយមិនប្រក្រតី និងខុសច្បាប់នោះមានការឃុបឃិតជាប្រព័ន្ធតែ ម្តង»។ ប្រសិនជាភ្ញៀវទេសចរណាមិនបង់លុយឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំព្រលានយន្តហោះ  ដើម្បីទទួលបានការផ្តល់ទិដ្ឋាការទាំងនោះទេ មន្ត្រីទាំងនោះនឹងបង្កឧបសគ្គថែមទាំបង្កើតឲ្យមានការ យឺតយ៉ាវរាំងស្ទះ ខុសនេះ ខុសនោះមិនចេះចប់ មិនចេះហើយ។ ជាងនេះទៀតប្រសិនបើជាភ្ញៀវ ទេសចរពុំមានរូបថតបំពេញបែបបទទិដ្ឋាការនោះទេ ក្រុមនេះយកថ្លៃរូបថតក្នុង១សន្លឹករហូតដល់ថ្លៃ៥ ដុល្លារ។

ពាក់ព័ន្ធព័ត៌មានចោទប្រកាន់ខាងលើនេះ អង្គភាពព័ត៌មាន “ភ្នំពេញដេលី” បានធ្វើការទំនាក់ទំនងសុំការបំភ្លឺតាមប្រព័ន្ធ Telegrame ទៅលោកវរសេនីយ៍ទោ រស់ លីហួត ប្រធានក្រុមផ្តល់ទិដ្ឋាការ នៃច្រកព្រលានយន្តហោះអន្តរជាតិខេត្តសៀបរាប ប៉ុន្តែពុំមានការឆ្លើយតប។
ចំពោះលោកឧត្តមសេនីយ៍ត្រី សឿង ដារិន នាយការិយាល័យផ្តល់ទិដ្ឋាការ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២០ ខែមីនានេះ អង្គភាពព័ត៌មាន “ភ្នំពេញដេលី” ក៏បានសុំការបញ្ជាក់តាមប្រព័ន្ធ Telegrame អំពីព័ត៌មានចោទប្រកាន់ខាងលើនេះ ប៉ុន្តែពុំត្រូវបានឆ្លើយតប។

ដោយឡែកលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធាននាយកដ្ឋានជនបរទេស ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ ជុំវិញព័ត៌មានចោទប្រកាន់ខាងលើនេះ ប៉ុន្តែលោកបានប្រាប់តាមប្រព័ន្ធ whatsApp ដោយបង្វិលឲ្យទៅសួរ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អ្នកនាំពាក្យ និងជាប្រធានអង្គភាពប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍វិញ។
គិតត្រឹមម៉ោងផ្សាយនេះ នាយឧត្តមសេនីយ៍ កែវ វណ្ណថន មិនទាន់អាចស្វែងរកសុំការពន្យល់បាននៅឡើយទេ ព្រោះពុំមានលេខទូរស័ព្ទ។ ដោយ ៖ នាយស្មោញ