Neymar ទម្លាយ​ពី​មូលហេតុ​ដែល PSG អត់​ដែល​ឈ្នះ​ UCL ទោះ​ជា​មាន​កីឡាករ​កំពូលៗ​

ប្រភព៖​ GOAL

បរទេស៖ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ Neymar បាន​ប្រាប់​អ្នកកាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា មូលហេតុ​ដែល​ក្លឹប​របស់​ខ្លួន​ Paris Saint-Germain មិនដែល​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League គឺដោយសារ​តែ​កីឡាករ​កំពូលៗ​ដូច​ជា​ ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe និង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi ក៏​ដូចជា​រូប​លោក​ផ្ទាល់ «លេង​អត់​ត្រូវ​ជើង​គ្នា»។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ «យើង​មាន​ក្រុម​មួយ​ដ៏​ខ្លាំង។ Messi ហើយ​ Mbappe ក៏ដូចជា​រូប​ខ្ញុំ ជា​កីឡាករល្អ​ជាង​គេ​លើ​លោក។ យើង​ដឹង​អញ្ចឹង តែ​ជា​អកុសល យើង​លេង​អត់​ត្រូវ​ជើង​គ្នា។ វា​មិនមែន​ជា​រឿង​ល្អ​សម្រាប់​យើង​នោះ​ទេ»។

លោក​បាន​និយាយ​បន្ត​ថា ក្រុម​របស់​លោក​ចង់​ឈ្នះ​អ្វី​គ្រប់យ៉ាង តែបាល់ទាត់​ពេលខ្លះ​ហាក់​មិន​មាន​ភាព​យុត្តិធម៌សោះ។

សូម​ជម្រាប​ផង​ដែរ​ថា Messi, Neymar និង Mbappe បាន​លេង​ជុំ​គ្នា​ ២រដូវ​កាល។ យ៉ាងណាមិញ ក្លឹប PSG បាន​ធ្លាក់​ពី UCL ២រដូវ​កាល​ជាប់​គ្នាត្រឹម​វគ្គ ១៦ក្រុម​ចុង​ក្រោយ៕