តាមបណ្ដាំរបស់ឪពុក! បណ្ឌិត ហ៊ុន ម៉ាណែត ប្ដេជ្ញាការពារសន្តិភាពឲ្យបានជាដាច់ខាត និងធានាភាពសុខសាន្ដរបស់ប្រជាជន ពេលកាន់តំណែងជានាយករដ្ឋមន្ដ្រី

ភ្នំពេញ៖ អនាគតនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានប្ដេជ្ញាអនុវត្តនូវពាក្យបណ្ដាំរបស់សម្ដេចតេជោឱ្យបានមិនថានៅក្នុងកាលៈទេសៈណានោះទេ។ ឯកឧត្តមបានសរសេរនៅលើហ្វេសបុកផេករបស់ឯកឧត្តមនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

កាលពីយប់ថ្ងៃទី២៦ ខែកក្កដា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះលើបណ្ដាញសង្គម Twitter របស់សម្ដេចក្នុងន័យផ្ដាំទៅលោក ហ៊ុន ម៉ាណែត ថាពេលដែលលោកក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាគឺត្រូវតែការពារឱ្យបានជាងដាច់ខាតនូវ «សន្ដិភាព» ដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន។

ឯកឧត្តម ហ៊ុន ម៉ាណែត នៅថ្ងៃនេះបានប្រកាសថា៖ «បណ្ដាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្ដេជ្ញាអនុវត្តអោយបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ»។

ថ្លែងក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បានប្រកាសថាលាលែងពីតំណែងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ ពោលគឺមានរយៈពេល ២៨ថ្ងៃទៀតប៉ុណ្ណោះ ហើយការងារបន្តនឹងត្រូវប្រគល់ជូននាយករដ្ឋមន្ត្រីបន្ទាប់គឺលោក ហ៊ុន ម៉ាណែត។ សម្ដេចតេជោ បញ្ជាក់ថាការលះបង់របស់សម្ដេចគឺដើម្បីរក្សាស្ថេរភាព សន្ដិសុខ និងការអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។

គួរឱ្យដឹងផងដែរថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានកាន់តំណែងជានាយករដ្ឋមន្រ្តីពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គិតរហូតមកដល់ថ្ងៃទី២២ ខែសីហា ខាងមុខមានចំនួន ៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេបង្អស់នៅលើពិភពលោក៕