មិនរាងចាល៖ ទើបចេញពីពន្ធនាគារ មិនទាន់បានប៉ុន្មានខែផង ត្រូវសមត្ថកិច្ចចាប់បញ្ជូនចូលវិញ!

អត្ថបទ៖ ផែង ផល្លិត

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យម្នាក់ ដែលធ្លាប់ជាប់ពន្ធនាគារនិងទើបតែមានសេរីភាពវិញ មិនទាំងទាន់បានប៉ុន្មានខែផង បានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ១គ្រឿង និងត្រូវបាននគរបាល២ឃុំ   សហការគ្នាស្រាវជ្រាវនិងកំណត់មុខសញ្ញាតាមប្រម៉ាញ់ចាប់បានភ្លាមៗក្រោយធ្វើសកម្មភាពនៅ ថ្ងៃទី២៧កក្កដា ឆ្នំា២០២៣ ចំណុចភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។

ជនសង្ស័យកំពុងត្រូវបានកសាងសំណុំរឿងបញ្ជួនទៅតុលាការ។ ជនសង្ស័យមានឈ្មោះសំ ចំរើនផល ហៅម៉ាប់ ភេទប្រុសអាយុ៤២ឆ្នាំមានទីលំនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា បានធ្វើសកម្មភាពលួចម៉ូតូម៉ាកសង់១គ្រឿងរបស់ប្រជាពលរដ្ឋនាវេលាទាបភ្លឺថ្ងៃទី២៧កក្កដា។ក្រោយលួចបានហើយ ម្ចាស់ម៉ូតូបានប្តឹងមកសមត្ថកិច្ចមូលដ្ឋានតាមរយៈទូរស័ព្ទ ។ ភ្លាមៗនគរបាលប៉ុស្តិស្រែខ្ទុមនិងស្រែព្រះបានចេញសហការគ្នា ស្វែងរកក៏បានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូចូលក្នុងក្រុមហ៊ុនចម្ការកៅស៊ូ។សមត្ថបានប្រើរថយន្តនិងម៉ូតូជិះដេញតាមក្រោយដោយសហការបន្តជាមួយសន្តិសុខក្រុមហ៊ុនបិតបារ៉ាស់ខ្ទប់ចាប់ជនសង្ស័យបានដោយជោគជ័យ។

ជនសង្ស័យរូបនេះ បានជាប់ពន្ធនាគាររយៈពេល១ឆ្នាំកន្លះកន្លងទៅករណីហឹង្សាក្នុងគ្រួសាររួមទាំងបានយកកាំបិតកាប់លោកនាយប៉ុស្តិ៍ស្រែខ្ទុមអោយរងរបួសដៃម្ខាងទៀតផងនៅពេលនោះ៕