ពូទីន៖ ចំពោះកិច្ចពិភាក្សាស្វែងរកសន្តិភាពជាមួយអ៊ុយក្រែន រុស្ស៉ីមិនបានបដិសេធនោះទេ

ប្រភព៖ AFP

មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានលើកឡើងថា កិច្ចផ្តួចផ្តើមរបស់អាហ្រ្វិក អាចបម្រើជា​មូលដ្ឋានគ្រឹះមួយសម្រាប់សន្តិភាពនៅអ៊ុយក្រែន ប៉ុន្តែលោកថា ការវាយប្រហាររបស់អ៊ុយក្រែន ធ្វើឱ្យវាពិបាកនឹងសម្រេចបាន។

កន្លងមកនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់បានប្រកាសច្រានចោលទាំងស្រុងតែម្តង ចំពោះគំនិតនៃបទឈប់បាញ់នាពេលឥឡូវ ក្រោមហេតុផលថា វានឹងអនុញ្ញាតឱ្យ រុស្ស៉ីនៅបន្តគ្រប់គ្រងជិត១ភាគ៥ នៃទឹកដីរបស់អ៊ុយក្រែន ហើយផ្តល់ពេលវេលាឱ្យកងទ័ពរុស្ស៉ីអាចប្រមូលផ្តុំកម្លាំងឡើងវិញ នៅក្នុងសង្រ្គាមឈ្លានពានដែលអូសបន្លាយរយៈពេល១៧ខែ មកហើយនេះ។

លោក ពូទីន បានថ្លែងដូចខាងលើ អំឡុងសន្និសីទសារព័ត៌មានមួយ ក្រោយកិច្ចប្រជុំជាមួយក្រុមមេដឹកនាំប្រទេសអាហ្រ្វិក នៅឯទីក្រុងសាំងភីតស្បឺគ (St Petersburg) កាលពីថ្ងៃសុក្រ ហើយបានទទួលស្តាប់ការអំពាវនាវរបស់ពួកគេ ដែលចង់ទីក្រុងមូស្គូព្រមទទួលយក​ផែនការជួយស្វែងរកសន្តិភាពរបស់អាហ្រ្វិក។

លោកប្រធានាធិបតីរុស្ស៉ី បាននិយាយយ៉ាងដូច្នេះថា «មានចំណុចមួយចំនួននៃកិច្ចផ្តួចផ្តើមសន្តិភាពនេះ ដែលកំពុងត្រូវព្យាយាមអនុវត្ត ប៉ុន្តែទន្ទឹមគ្នា មានចំណុចខ្លះដែលពិបាកឬមិនអាចទៅរួចតែម្តង ក្នុងការអនុវត្ត»។ បើតាមលោក ពូទីន ចំណុចមួយក្នុងកិច្ចផ្តួចផ្តើមនោះ គឺបទឈប់បាញ់។

លោក ពូទីន បានសង្កត់ធ្ងន់ដូច្នេះថា «ប៉ុន្តែយោធាអ៊ុយក្រែន កំពុងស្ថិតក្នុងការវាយលុក… ពួកគេកំពុងតែវាយប្រហារ… ពួកគេកំពុងអនុវត្តប្រតិបត្តិការវាយលុកជាយុទ្ធសាស្រ្តក្នុងទ្រង់ទ្រាយធំ។ យើងមិនអាចផ្អាកការប្រយុទ្ធបានទេ ទាំងដែលយើងកំពុងស្ថិត​ក្រោមការវាយប្រហារ»។ ពាក់ព័ន្ធសំណួរជុំវិញការចាប់ផ្តើមកិច្ចចរចាសន្តិភាព មេដឹកនាំរុស្ស៉ីរូបនេះ បានលើកឡើងថា «យើងមិនបានបដិសេធចំពោះរឿងនេះឡើយ ប៉ុន្តែ​ដើម្បីឱ្យដំណើរការនេះ អាចចាប់ផ្តើមទៅបាន គឺចាំបាច់ត្រូវមានការព្រមព្រៀងគ្នារវាងភាគីទាំងសងខាង»៕