លោកវរសេនីយ៍ឯក សៀ ទីន ដឹកនាំក្រុមការងារយកអំណោយ ឯកឧត្តម រ័ត្ន ស្រ៊ាង ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថរាជធានីដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញបានដឹកនាំក្រុមការងារយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី លឹម តុលា ជំនួយការ  ការិយាល័យសង្រ្គោះគ្រោះមហន្តរាយ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលមានជំងឺបញ្ហា ប្រព័ន្ធប្រសាទ  ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ(ហៅ ពេទ្យលោកសង្ឃ) ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ និងការអនុគ្រោះពីលោក ប្រធានមន្ទីរពេទ្យព្យាបាលដោយមិនគិតប្រាក់ផងដែរ។

ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ឯក សៀ ទីន ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយក ថវិកាចំនួន៤លានរៀល, ទឹកសុទ្ធ៥កេស, មី៤កេស, ផ្លែឈើ១កន្ត្រក ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕