បណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរ និងអបអរសាទរ ដល់ក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ជូនប្រទេសជាតិ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះតាមរយៈ Facebook ផ្លូវការ បានថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារសមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏ត្រចះត្រចង់ ជូនប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ។

ការថ្លែងនូវការកោតសរសើរនេះ ធ្វើឡើងបន្ទាប់ពីប្រតិភូកាយឫទ្ធិនារីកម្ពុជា ដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានខិតខំរហូបជួយឱ្យកម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារីពិភពលោក​ លើកទី៣៩ ឆ្នាំ២០២៦។

ឯកឧត្តម បណ្ឌិតបានបង្ហោះសារដូច្នេះថា «ទីបំផុតមេរបស់ខ្ញុំ (លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី) និងក្រុមការងាររបស់គាត់ធ្វើបានហើយ។ កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅឆ្នាំ២០២៦។ ខ្ញុំសូមកោតសរសើរចំពោះក្រុមការងារសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំប្រឹងប្រែងរហូត ទទួលបានលទ្ធផលដ៏ត្រចះត្រចង់នេះ ជូនប្រទេសកម្ពុជាយើង»។

សូមជម្រាបថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូទៅ ចូលរួមអង្គសន្និបាតលើកទី ៣៨ របស់សមាគមកាយឫទ្ធិនារីពិភពលោក (38th WAGGGS Conference) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២៣ នៅសាធារណរដ្ឋ Cyprus និងបានព្យាយាមយ៉ាងស្វិតស្វាញ និងសកម្ម ដើម្បីស្នើបេក្ខភាពកម្ពុជា ឱ្យបានចូលរួមបោះឆ្នោតជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះ សម្រាប់រៀបចំសន្និបាតពិភពលោកលើកទី ៣៩ ឆ្នាំ ២០២៦។

កម្ពុជាត្រូវបានជាប់ក្នុងចំណោម៣ ប្រទេសចុងក្រោយ រួមមាន កម្ពុជា, ហ្គាណា និងទុយនេស៊ី ក្រោយពីគណៈកម្មាធិការ បានវាយតម្លៃយ៉ាងល្អិតល្អន់ សម្រាប់ឈានទៅបោះឆ្នោតវគ្គបន្ត៕