លោកអធិការនគរបាលស្រុកតាវែង អាងអំណាចបាញ់គំរាមកូនចៅក្រោមឱវាទ

ខេត្តរតនគិរី ៖ លោកអធិការស្រុកតាវែង ត្រូវបានកូនចៅក្រោមឱវាទដាក់បណ្ដឹង បន្ទាប់ពីលោកអធិការរូបនេះ បានបាញ់គំរាមមន្ត្រីក្រោមឱវាទ និងបញ្ជាកូនចៅឲ្យប្រព្រឹត្តអំពើល្មើសរំលោភបំពានមកលើប្រជាកសិករ និងអាជីវករក្នុងស្រុកតាវែង។

បើយោងតាមពាក្យបណ្ដឹងរបស់លោកអធិការរង នាយផ្នែក នាយរងផ្នែក មន្ត្រីជំនាញ ព្រមទាំងនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍រដ្ឋបាលនគរបាលទាំងអស់ ប្ដឹងចូលសាលាស្រុកតាវែង ប្ដឹងចូលស្នងការនគរបាលខេត្ត និងប្ដឹងទៅអភិបាលខេត្ត អំពីករណីលោកវរសេនីយ៍ទោ សម្បត្តិ កុសល អធិការស្រុកតាវែងអាងអំណាចបាញ់គំរាមមន្ត្រីនគរបាលយាមប៉ុស្ដិ៍សន្តិសុខស្ពានទី៣ ស្ថិតក្នុងភូមិតាវែង ត្រង់ចំណុចរង្វង់មូលស្រុកតាវែងចំនួន១១គ្រាប់ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីយប់ ថែមទាំងជេរម៉ែទៀតផង។

ក្នុងពាក្យបណ្ដឹងបានរៀបរាប់ថា លោកវរសេនីយ៍ទោ សម្បត្តិ កុសល តែងអាងអំណាចដៀលប្រម៉ាថកូនចៅក្រមឱវ៉ាត ប្រព្រឹត្តអំពើខុសពីវិន័យកងកម្លាំង គាបសង្កត់ប្រជាកសិករ ដូចជា អួតអាងថា មានខ្នងធំ គ្មានអ្នកណាធ្វើអីគាត់បានទេ គាត់ថា មកកាន់ជាអធិការនៅស្រុកនេះ គាត់ចំណាយប្រាក់អស់៥ទៅ៦ម៉ឺនដុល្លារ។ ជេរកូនចៅក្រោមឱវ៉ាតថា ពួកអាប៉ូលិសអាចម៍ក្ដ មិនចេះយកលុយពីដឹកគ្រាប់ស្វាយចន្ទី អ្នកដឹកបន្លែ ផ្លែឈើ ត្រីសាច់តាមម៉ូតូជាដើម ព្រមទាំងគំរាមឲ្យមន្ត្រីក្រោមឱវាទ ដោះសំលៀកបំពាក់ឯកសណ្ឋានចេញ បើមិនធ្វើតាមនឹងគំរាមផ្លាស់ប្ដូរ និងដកចេញពីក្រមខ័ណ្ឌគ្រប់ពេលវេលា ដោយមិនមានមូលហេតុ ទាត់មន្ត្រីក្នុងជួរកងកម្លាំង និងស្រាយអង្រឹងទាំងយប់ដោយគ្មានមូលហេតុ.ប្រជាពលរដ្ឋដឹកបង្គោលរបង ឈើធ្វើផ្ទះ បញ្ជាឲ្យចាប់យកមកប៉ុស្ដិ៍បង់លុយសិនទើបឲ្យវិលត្រឡប់ទៅវិញ ហើយលុយទាំងនេះ ត្រូវបានលោកអធិការយកទៅចាយវាយម្នាក់ឯង ធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុកតាវែងស្អប់ខ្ពើម មន្ត្រីនគរបាលទាំងអស់ក្នុងស្រុកតាវែង។

ជុំវិញករណីខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺណាមួយពីលោកឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរីបានទេ ដោយទូរស័ព្ទមិនមានអ្នកលើក កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ។

បើតាមមតិមហាជនបានលើកឡើងថា បទល្មើសរបស់លោកវរសេនីយ៍ទោ សម្បត្តិ កុសល ពិតជាច្រើនពេកហើយ ទាំងវិន័យកងកម្លាំង ទាំងបទល្មើស និងធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច និងស្អប់ខ្ពើម បើនិយាយឲ្យចំ គឺមនុស្សដែលសង្គមមនុស្សមិនត្រូវការ ហើយផ្ទុយនឹងគោលការច្បាប់របស់រាជរដ្ឋាភិបាល។ មតិមហាជនបានលើកឡើងថា បើទោះជាយ៉ាងណា ប្រហែលជាច្បាប់មិនហ៊ានធ្វើអីលោកអធិការទេមើលទៅ ពីព្រោះគាត់មានខ្នងធំ និងគាត់ចំណាយប្រាក់រហូតដល់៥ទៅ៦ម៉ឺនដុល្លារឯណោះ ទើបបានមកកាន់ជាអធិការស្រុកនេះបាន។ តើអ្នកណាទៅហ្ន៎? ដែលយកប្រាក់លោកអធិការ ហើយឲ្យគាត់មកបង្កព្យុះភ្លៀងតាមតែអំពើចិត្តដូច្នេះ៕ ដោយ ៖ ភួង ផុន