ចិន ជំរុញឱ្យមីយ៉ាន់ម៉ា ផ្ដល់ការសហការ ដើម្បីរក្សាស្ថិរភាពនៅតាមតំបន់ព្រំដែន

ប្រភព៖ Reuters

ប៉េកាំង៖ មន្ត្រីចិនម្នាក់បាននិយាយថាមីយ៉ាន់ម៉ាគួរតែធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីថែរក្សាស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំង២ ខណៈយោធាមីយ៉ាន់ម៉ា និងកងកម្លាំដប្រដាប់អាវុធជនជាតិភាគតិច កំពុងបង្កើនការវាយប្រយុទ្ធដណ្ដើម ទឹកដីគ្នាកាន់កាប់។

លោក Nong Rong ជាឧបការីរដ្ឋមន្ត្រីការបរទេសចិន បានគូសបញ្ជាក់ដូច្នេះថា «មីយ៉ាន់ម៉ាគួរតែធ្វើកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីរក្សាស្ថិរភាពនៅតាមបណ្ដោយព្រំដែនរវាងចិន និងមីយ៉ាន់ម៉ា ហើយធានាសន្តិសុខដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនចិននៅតាមតំបន់ព្រំដែន ព្រមទាំងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខ»។

លោក Nong Rong ដែលបានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែវិច្ឆិកា ក៏បានលើកឡើងដែរថាចិនរំពឹងថា មីយ៉ាន់ម៉ានឹងអាចស្ដារស្ថិរភាពឡើងវិញ និងគាំទ្រគ្រប់ភាគីទាំងអស់ដោះស្រាយការខ្វែងគំនិតគ្នា ក៏ដូចជាសម្រេចឱ្យបាននូវការផ្សះផ្សារគ្នា តាមរយៈកិច្ចសន្ទនាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

កាលពីសប្ដាហ៍មុន យោធាមីយ៉ាន់ម៉ាបាននិយាយថានឹងព្យាយាមវាយបកទៅលើក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលបានវាយកាន់កាប់បាន ទីក្រុងយុទ្ធសាស្ត្រមួយ នៅតំបន់ព្រំដែនភាគខាងជើងនៃប្រទេស ជាប់ជាមួយចិន៕