ពូទីន ៖ ការផ្តាច់មុខរបស់លោកខាងលិចលើបញ្ញាសិប្បនិមិត្តិ AI គឺគ្រោះថ្នាក់សម្រាប់រុស្ស៊ី

ប្រភព៖ AFP

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ភាពផ្តាច់មុខរបស់បស្ចិមលោកលើបញ្ញាសិប្បនិមិត្តគឺពិតជាគ្រោះថ្នាក់ ហើយថា រុស្ស៊ីត្រូវប្រើបច្ចេកវិទ្យាផ្ទាល់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹង chatbots ដ៏លំអៀង របស់លោកខាងលិច។

លោក ពូទីន បាននិយាយនៅក្នុងសន្និសីទបញ្ញាសិប្បនិម្មិតនៅទីក្រុងមូស្គូដូច្នេះថា «ខ្ញុំគិតថាអ្នកដឹងច្បាស់ហើយថា ម៉ាស៊ីនស្វែងរកលោកខាងលិចមួយចំនួន ក៏ដូចជាគំរូទូទៅមួយចំនួន តែងតែធ្វើការក្នុងរបៀបជ្រើសរើស និងលំអៀង»។

លោកបានបន្ថែមថា «ពួកគេមិនគិតពីវប្បធម៌រុស្ស៊ីទេ ហើយពេលខ្លះពួកគេព្រងើយកន្តើយ និងលុបចោលវាតែម្តង…ប្រព័ន្ធទំនើបជាច្រើនត្រូវបានបណ្តុះបណ្តាលលើទិន្នន័យបស្ចិមប្រទេសសម្រាប់ទីផ្សាររបស់ពួកគេ»។ ប្រធានាធិបតីរុស្ស៉ីរូបនេះបានសង្កត់ធ្ងន់ថា ការត្រួតត្រាផ្តាច់មុខនៃការច្នៃប្រឌិតបរទេសបែបនេះ នៅក្នុងប្រទេសរុស្ស៊ីគឺ «គ្រោះថ្នាក់» និងមិនអាចទទួលយកបានទេ។

ជាមួយគ្នានេះ លោក​ ពូទីន​ បានអំពាវនាវម្តងហើយម្តងទៀតឱ្យទីក្រុងម៉ូស្គូ ឱ្យឈប់ការពឹងផ្អែកលើបច្ចេកវិទ្យារបស់លោកខាងលិច ហើ​យកាលពីខែកញ្ញាកន្លងទៅក៏បានបញ្ជាឱ្យរដ្ឋាភិបាលបោះទុនវិនិយោគក្នុងការអភិវឌ្ឍកុំព្យូទ័រទំនើប និងការស្រាវជ្រាវបញ្ញាសិប្បនិម្មិត។

សូមជម្រាបថាការប្រណាំងប្រជែងដើម្បីអភិវឌ្ឍបញ្ញាសិប្បនិមិត្ត មានសភាពកាន់តែខ្លាំងឡើងចាប់តាំងពីការចាប់ផ្តើមនៃប្រព័ន្ធ ChatGPT កាលពីឆ្នាំមុន ដោយប្រទេសរុស្ស៊ី និងចិនបានចំណាយប្រាក់រាប់ពាន់លាន ដើម្បីប្រជែងនឹងការត្រួតត្រារបស់សហរដ្ឋអាមេរិកនៅក្នុងវិស័យនេះ។ កាលពីខែមេសា ក្រុមហ៊ុនធនាគារធំជាងគេរបស់រុស្ស៊ី Sber ក៏បានប្រកាសដាក់ឱ្យដំណើរការកម្មវិធី AI សន្ទនាផ្ទាល់របស់ខ្លួន ដែលមានឈ្មោះថា Gigachat ផងដៃរ ប៉ុន្តែវាស្ថិតនៅក្នុងដំណាក់កាលសាកល្បងប៉ុណ្ណោះ៕