អាជ្ញាធរខេត្តក្រចេះប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

អត្ថបទ៖ ស៊ាន ច័ន្ទដា

ខេត្តក្រចេះ៖ ចុងឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តក្រចេះបានប្រារព្វពិធីខួប អនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ទិវាប្រវត្តសាស្រ្តដ៏មានអត្ថន័យនេះមានអញ្ជើញជាអធិបនិងជាប្រធានគណៈកម្មាធិការរណៈសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តក្រចេះ  ។

ពិធីនេះផងដែរ ដោយការចូលរួម ពី ឯកឧត្តម លោក ជំទាវ ជាអភិបាលរងខេត្ត , ឯកឧត្តម លោក ជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាល ក្រុង ស្រុក រួមនិងកងកម្លាំងទាំងបីប្រភេទ ក្រុមយុវជន យុវនារី រួមនិង ព្រះសង្ឃ ប្រជាពលរដ្ឋ ជាង១៥៧០ នាក់ ។ ជាមួយគ្នានេះដែរ ឯកឧត្តម ធុន គ្រី អនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បញ្ជាក់ថា÷ ស្មារតី២ធ្នូ និងស្មារតី៧មករា នឹងនៅស្ថិតស្ថេរជាអមតៈនៅក្នុងក្រអៅបេះដូងរបស់យុវជនជំនាន់ក្រោយ ក៏ដូចជាប្រពលរដ្ឋខ្មែរគ្រប់រូប ពិសេសគឺត្រូវតែចងចាំថ្ងៃប្រវត្តិសាស្រ្តមួយមិនអាចបំភ្លេចបានឡើយ ព្រោះថ្ងៃនេះបងប្អូនអតីយុទ្ធជន យុទ្ធនារីយើងបានបូជាឈាមស្រស់ និងសាច់ស្រស់ ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ ចេញពីរណ្តៅមរណៈពីរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ  ។

នៅក្នុងឱកាសប្រារព្ធទិវាដ៏មានអត្ថន័យនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មានប្រសាសន៍ថា រណសិរ្សសាមគ្គឺសង្រ្គោះជាតិកម្ពុជា បង្កើតឡើងក្នុងគោលបំណង រំដោះប្រទេសជាតិចេញពី របប ប៉ុល ពត ( ជារបបប្រល័យ ពូជសាសន៍ ) និងជួយសង្រ្គោះអាយុជីវិតប្រជាជនខ្មែរអោយរួចផុតពីរណ្តៅមរណៈ នាពេលនោះ ហេីយបានស្តារកសាង និងអភិវឌ្ឍន៍មាតុភូមិនៅថ្ងៃ២ធ្នូ គឺជាប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាជនខ្មែរគ្រប់រូបហេីយចាំបានថា៖  «មានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា  ហេីយមានថ្ងៃ៧មករា ទើបមានអ្វីៗទាំងអស់ ដូចថ្ងៃនេះ»។

ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តក្រចេះ មានប្រសាសន៍បញ្ជាក់ថា ថ្ងៃ២ធ្នូ ជាថ្ងៃបង្កើតកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះទឹកដី និង រំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ យើងទាំងអស់គ្នាបានចាត់ទុកថ្ងៃ២ឆ្នូ ជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការ រស់រានមានជីវិតឡើងវិញ របស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងគ្នាឲ្យរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ រណសិរ្ស២ធ្នូ និងបានជួយស្តារ កសាង  អភិវឌ្ឍន៍ មាតុភូមិឲ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេសកម្ពុជា។

ឯកឧត្តម វ៉ា ថន បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី៧ រួមមាន មនុស្ស ផ្លូវ ភ្លើង ទឹក នឹងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅធ្វើយ៉ាងណារួមគ្នាកសាងអភិវឌ្ឍន៍នាវាកម្ពុជាឲ្យមានការអភិវឌ្ឍន៍ឈានឡើងជាលំដាប់ដូចប្រទេសលើសាកលលោក។

ដោយឡែកបច្ចុប្បន្នខេត្តក្រចេះ កំពុងតែមានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន រួមមានការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ទៅគល់ឆ្ពោះទៅកាន់ខេត្តកំពង់ធំ និងផ្លូវតភ្ជាប់ពីគល់ស្ពានមេគង្គចូលមកទីរួមខេត្តក្រចេះ ហេីយនិងផ្លូវចេញពីខេត្តក្រចេះទៅកាន់ស្រុកសំបូរផងដែរ ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ មានការសប្បាយចិត្តរីករាយសាទរ នៅសមទ្ធិផលទាំងអស់នេះ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងផ្ដល់ជូនក្នុងគោលបំណងសំដៅដល់ការកាត់បន្ថយភាបក្រីក្រ និងកាត់បន្ថយចំណាយប្រាក់កាក់របស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរពីខេត្ត១ទៅកាន់ខេត្ត១ទៀត ដែលបច្ចុប្បន្ន្នកំពុងសាងសង់។

ជាចុងក្រោយ ឯកឧត្តម ក៍បានជូន អំណោយ ដល់ លោកយាយ លោក តានូវ ភួយ ក្រណាត់ ស រួមនិងថវិកា មួយចំនួនផងដែរ ហេីយក៍មានបង្ហោះ ប៉ោង ប៉ោង ដេីម្បីបង្ហាញពីប្រទេស មានសុខសន្តិភាពពេញលេញលេីងផ្ទៃប្រទេសកម្ពុជា៕