អាជ្ញាធរស្រុកស្ទឹងហាវចុះរុះរើខ្ទមអនាធិបតេយ្យដែលរំលោភកាន់កាប់ និងកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅលើដីគម្របព្រៃឈើ

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ដឹកនាំដោយលោក សុន ពិសី អភិបាលរងស្រុក តំណាងឲ្យលោកឆាយ សុគន្ធដា អភិបាលស្រុស្ទឹងហាវ និងមានការចូលរួមជាមួយនាយផ្នែករដ្ឋបាលព្រៃឈើ កម្លាំងអធិការស្រុក កម្លាំងអាវុធហត្ថស្រុក ប៉ុស្តិរដ្ឋបាលឃុំទំនប់រលក ប៉ុស្តិ៍រដ្ឋបាលឃុំអូរត្រេះ មេឃុំទំនប់រលក មេឃុំអូរត្រេះ មេភូមិ១ ឃុំទំនប់រលក មេភូមិ១ ឃុំអូរត្រេះ ប្រជាការពារ សរុប១១៨នាក់ ប្រើប្រាស់គ្រឿងចក្រអេស្កាចំនួន១គ្រឿង បានចុះរុះរើខ្ទមអនាធិបតេយ្យ ដែលបានរំលោភកាន់កាប់ និងកាប់បំផ្លាញព្រៃឈើខុសច្បាប់ នៅលើដីគម្របព្រៃឈើឆ្នាំ២០០២ និងតាមផ្លូវល្បឿនលឿនស្ថិតនៅភូមិ១ ឃុំទំនប់រលក និងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋ មួយចំនួនតូចបានកៀងគរគ្នាកាប់ព្រៃ ក្នុងតំបន់ការពារធ្វើជាកម្មសិទ្ធិឯកជនរៀងៗខ្លួន និងបានសាងសង់ផ្ទះតូចតូចជាច្រើនខ្នងផងដែរ។

លោក ស៊ុន ពិសី អភិបាលរងស្រុកស្ទឹងហាវ បានមានប្រសាសន៍ថា អ្វីដែលក្រុមការងារចុះមុខថ្ងៃនេះ គឺដើម្បីគ្រប់គ្រងការកាប់ទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិ ដែលសកម្មភាពនេះត្រូវបានច្បាប់ ក៏ដូចជារាជរដ្ឋាភិបាល តែងតែបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់ការរុករានទន្ទ្រានដីរដ្ឋដោយសារចាញ់បោកក្រុមមេខ្យល់មួយចំនួនតូចធ្វើឲ្យក្លាយខ្លួនជាអ្នករំលោភច្បាប់។

លោកអភិបាលរងបន្តទៀតថា ចំពោះសកម្មភាពថ្ងៃនេះគឺលោកមកត្រឹមតែធ្វើការរុះរើផ្ទះតូចៗបងប្អូនប្រជាពលរដ្ឋបានលួចកាប់ស្ការព្រៃសង់លើដីរដ្ឋតែប៉ុណ្ណោះ និងស្នើឲ្យបងប្អូនបញ្ឈប់ជាបន្ទាន់នូវសកម្មភាពនេះ បើពុំដូចនោះទេរដ្ឋបាលស្រុកស្ទឹងហាវ និងអនុវត្តទៅតាមនិតិវិធីច្បាប់។ ចំពោះផ្ទះខ្ទម ដែលក្រុមការងារចុះមករើនាថ្ងៃនេះ មានចំនួន៦៤ផ្ទះខ្ទម និងរបងថ្មមានចំនួន២៥០ដើមក្នុងនោះផ្ទះខ្ទមទាំងនោះសុទ្ធតែទើបតែសាងសង់ថ្មីៗតែប៉ុណ្ណោះ។

ដោយឡែក យោងតាមបងប្អូនប្រជាពលរដ្ឋបានគូរបញ្ជាក់ថា ពួកគាត់ទទួលស្គាល់ថា ពិតជាខុសទៅនៅច្បាប់ដែលរដ្ឋាភិបាលហាមឃាត់ក៏ពិតមែន ប៉ុន្តែដោយសារតែពួកគាត់ពុំមានទីលំនៅច្បាស់លាស់ គ្មានលទ្ធភាពទិញដី ដែលមានតម្លៃថ្លៃ ទើបពួកគាត់សម្រេចចិត្តមកកាប់ឆ្ការព្រៃដីរដ្ឋដើម្បីមានទីលំនៅមួយពិតប្រាកដក្នុងការរស់រានមានជីវិតដូចបងប្អូនប្រជាពលរដ្ឋដទៃទៀតដែរ។ ពួកគាត់មិនចង់បានអ្វី ឲ្យបានច្រើនជាងនេះនោះទេ គឺត្រឹមតែក្បាល៥ម៉ែត្រ ឬក្បាល១០ម៉ែត្រ សម្រាប់សង់ផ្ទះតែប៉ុណ្ណោះបានហើយ។ ក្នុងនាមជាពលរដ្ឋរស់នៅតំបន់នេះសូមអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធមេត្តាជួយសម្រួលដល់ពួកគាត់ឲ្យមានទីលំនៅមួយពិតប្រាកដផង ទោះបីដីទំហំប៉ុណ្ណាក៏ដោយ ព្រោះបច្ចុប្បន្ន ពួកគាត់គ្មានជម្រើសនោះទេ។

គួរកត់សម្គាល់ផងដែរថា សម្រាប់នៅខេត្តព្រះសីហនុ រយៈពេលប៉ុន្មានពីរបីថ្ងៃនេះ អាជ្ញាធរដែនដីមានក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវបានចុះអនុវត្តធ្វើការរុះរើសំណង់អនាធិបតេយ្យរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលបានលបលួចកាប់ឆ្កាព្រៃទន្ទ្រានដីរដ្ឋចែកគ្នាធ្វើកម្មសិទ្ធិសរុបបានប្រមាណជិត១០០ខ្នងផ្ទះ ក្នុងទឹកដីស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ៕ ដោយ ៖ តឹង សុភាព