ប្រធានសភាអាមេរិក​បញ្ជា​ឲ្យ​សមាជិកសភា​​ពាក់​ម៉ាស់ ​បន្ទាប់​ពីរកឃើញ​សមាជិក​ម្នាក់ទៀត​ឆ្លង​កូ​វីដ​-១៩

​អាមេរិក ៖ លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភា​អាមេរិក​បាន​បញ្ជា​ឲ្យ​សមាជិក​និង​បុគ្គលិក​សភា​ទាំងអស់​ពាក់​ម៉ាស់​ការពារ​នៅក្នុង​សភា​ក្រោយ​ពេលដែល​គេ​បាន​រកឃើញថា មាន​សមាជិកសភា​ម្នាក់​ធ្វើ​តេ​ស្តិ៍​វេជ្ជ​មាន​កូ​វីដ​១៩។

​សូមជម្រាបថា សមាជិកសភា​លោក ល្វី ហ្គោ​មឺត ដែល​តែងតែ​ផ្គើន​នឹង​ការពាក់​ម៉ាស់ តែ​ឥឡូវ​លោក​ឆ្លង​វីរុស​កូ​រ៉ូ​ណា។​

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អាមេរិក ខណៈដែល​លោកស្រី ណាន់​ស៊ី​ផេ​ឡូ​ស៊ី បាន​ហៅ​ការមិន​បាន​ពាក់​ម៉ាស់​គឺជា​«​ការរំលោភ​សុជីវធម៌​ធ្ងន់ធ្ងរ​មួយ​» ហើយ​សមាជិកសភា​អាច​នឹងត្រូវ​នាំ​ចេញពី​សាលប្រជុំ បើសិនជា​គេ​មិន​ពាក់​ម៉ាស់ តែ​អាច​ដោះចេញ​ជា​បណ្តោះអាសន្ន នៅពេល​គេ​និយាយ​។​

​សូមជម្រាបថា រដ្ឋ​កាលីហ្វ័រ​ញ៉ា និង​រដ្ឋ​ផ្លរីដា​រួមទាំង​រដ្ឋ​តិច​សាស់ ដែលជា​រដ្ឋ​ធំ​បំផុត​របស់​អាមេរិក​បាន​ជួប​ការស្លាប់​ដោយ​កូ​វីដ​១៩​ច្រើន​បំផុត​កាលពី​ថ្ងៃ​ពុធ។ ​អាមេរិកកត់ត្រា​អ្នកស្លាប់​ជាង​១០.០០០​នាក់​នៅ​១១​ថ្ងៃ​មកនេះ​ដែលជា​កំណើន​លឿន​បំផុត​ចាប់តាំងពី​ដើមខែ​មិថុនា​។​ សរុប​អាមេរិក​មាន​អ្នកស្លាប់​ដោយ​កូ​វីដ​១៩​ចំនួន​ជាង​១៥០.០០០​នាក់ មកទល់នឹង​ពេលនេះ៕