កិច្ចប្រជុំសាមញ្ញលើកទី១៤ ឆ្នាំទី២ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀងមានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ ឆ្នាំទី២ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត សរុបវត្តមានចំនួន៥០នាក់។

របៀបវរៈ នៃកិច្ចប្រជុំនេះមាន ៖ ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៣។ ២- ពិនិត្យនិងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត។ ៣- ស្តាប់ការបកស្រាយរបស់ប្រធានមន្ទីររ៉ែ និងថាមពលអំពីវិធានការលើទីតាំងស្ថានីយ៍ប្រេងឥន្ទន ដែលគ្មានច្បាប់អនុញ្ញាត និងវិធានការលើទីតាំងជីកអាចម៌ដីដែលគ្មានច្បាប់អនុញ្ញាត។ ៤- ស្តាប់របាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។ ៥- ស្តាប់របាយការណ៍ប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២០ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត និងទី៦- សេចក្តីផ្សេងៗ (កិច្ចប្រជុំសាម័ញ្ញលើកទី១៥ និងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០)៕