ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ថ្មី ជាង ៥២,០០០នាក់ក្នុង១ថ្ងៃ

ញូដេលី ៖ ប្រទេសឥណ្ឌាបានកត់ត្រាចំនួនករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ ៥២,១២៣ករណីបន្ថែម រួមទាំងអ្នកស្លាប់ថ្មីៗចំនួន ៧៧៥នាក់ផងដែរនៅទូទាំងប្រទេសក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ចេញផ្សាយនារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ។

អាជ្ញាធរសុខាភិបាលឥណ្ឌាបានឲ្យដឹងថា នេះគឺជាតួលេខខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ សម្រាប់ករណីឆ្លងថ្មីៗ នៅក្នុងប្រទេស រហូតមកទល់ពេលនេះ។ ជាសរុបករណីឆ្លង នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ បានកើនដល់១,៥៨៣,៧៩២ករណី ដោយក្នុងនោះអ្នកជំងឺ ៣៤,៩៦៨នាក់ស្លាប់ និង ១,០២០,៥៨២នាក់ទៀត បានជាសះស្បើយឡើងវិញ៕