អាជ្ញាធរខេត្តកណ្តាលយកចិត្តទុកដាក់លើកកំពស់សមត្ថភាពជំនាញដល់មន្ត្រីរបស់ខ្លួនដើម្បីប្រសិទ្ធភាពការងារ

ខេត្តកណ្តាល ៖ បច្ចុប្បន្ននេះអាជ្ញាធរខេត្តកណ្តាលបាននិងកំពុងយកចិត្តទុកដាក់បណ្តុះបណ្តាលដល់មន្តី្ររបស់ខ្លួនដើម្បីបង្កើតសមត្ថភាពជំនាញ រត់ឲ្យទាន់សមយ័ទំនើបភាវូបនីយកម្ម បច្ចេកវិទ្យា។

ជាក់ស្តែងនៅថ្ងៃទី៣០កក្កដានេះ រដ្ឋបាលខេត្តកណ្តាលបានវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងបុគ្គលិក នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំឡើង នៅសាលាខេត្ត មានសិក្ខាកាមចូលរួម សុទ្ធសឹងជាមន្ត្រី រដ្ឋបាល និងក្រុមប្រឹក្សា ក្រុងស្រុក ព្រមទាំង មន្ត្រីក្នុងអង្គភាព ក្រោមឱវាទ របស់សាលាខេត្ត ជាច្រើនរូបទៀត។

មានប្រសាសន៍ បើកវគ្គបណ្តុះបណ្តាល ឯកឧត្តម គង់សោភណ្ឌ័ អភិបាលខេត្តកណ្តាល គូសបញ្ជាក់៖ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីលើកកម្ពស់ ការយល់ដឹង អំពីការគ្រប់គ្រងបុគ្គលិក នៅរដ្ឋបាលខេត្ត ក្រុង ស្រុក ឱ្យកាន់តែមានភាពប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹង កំណែទម្រង់ និងការផ្ទេរមុខងារ របស់ថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ និងលើកកម្ពស់ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ឯកឧត្តម អភិបាលខេត្ត សំណូមពរសិក្ខាកាមទាំងអស់ នៅពេលត្រឡប់ទៅមូលដ្ឋាន និងអង្គភាព វិញ ត្រូវយកចំណេះដឹង ដែលទទួលបាន ក្នុងវគ្គនេះ ទៅអនុវត្តនៅរដ្ឋបាល រៀងៗខ្លួនឱ្យកាន់ តែមានប្រសិទ្ធភាព ថែមទៀត៕