អ៊ី​រ៉ង់​ធ្វើតេស្ត​បាញ់​មី​ស៊ី​លត្រៀម​ទប់ទល់​ការឈ្លានពាន​របស់​អាមេរិក ​

​តេ​ហេ​រ៉ង់ ៖ ប្រទេស​អ៊ី​រ៉ង់​នៅក្នុង​សមយុទ្ធ​យោធា​ដ៏​ធំ​សម្បើម​របស់ខ្លួន​បានធ្វើ​តេស្ត​បាញ់​មី​ស៊ី​ល​ដ៏​កក្រើក​មេឃ ហើយក៏​ត្រូវបាន​យោធា​អ៊ី​រ៉ង់​ចាត់ទុកថា គឺជា​ការត្រៀម​លក្ខណៈ​ប្រឈមមុខនឹង​ការឈ្លានពាន​ណាមួយ​ពី​សំណាក់ សហរដ្ឋអាមេរិក​។

​សារព័ត៌មាន Sputnik ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃនេះ​បានសរសេរថា កងទ័ពអាកាស និង​កងទ័ពជើងទឹក នៃ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ក៏បាន​ចូលរួម​នៅក្នុង​សមយុទ្ធ​យោធា​នេះដែរ ខណៈដែល​នៅក្នុង​ការធ្វើ​សមយុទ្ធ​យោធា​នោះ យោធា​អ៊ី​រ៉ង់​ក៏បាន​បាញ់​សាកល្បង​មី​ស៊ី​លបាលី​ស្ទីគ​ជាច្រើន​គ្រាប់ ចេញពី​ក្រោម​ដី​នៅឯ​ទីវាល​ដ៏​ធំធេង នៃ​ខេត្ត​ហ័​រ​មូស​ហ្គេ​ន (Hormozgan)​។

​លោក​ឧត្ដមសេនីយ៍ អា​លី ហា​ជី​ហ្សា​ដេ​ហ៍ (Ali Hajizadeh) មេបញ្ជាការ​នៃ​កងទ័ពអាកាស នៃ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ី​រ៉ង់ បាន​អះអាងថា ការធ្វើ​តេស្ដ​មី​ស៊ី​ល​បាលី​ស្ទីគ ចេញពី​ក្រោម​ដី​ដ៏​ជ្រៅ​កាលពី​ថ្ងៃ​ពុធ គឺជា​ការធ្វើ​តេស្ដ​មី​ស៊ី​ល​ប្រភេទ​នេះ ជា​លើកដំបូង​បំផុត​នៅក្នុង​ពិភពលោក៕