ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់ លោក ត្រាំ ចង់ឲ្យពន្យារពេល ក្រោមលេសថានឹងមានការក្លែងបន្លំសន្លឹកឆ្នោត

វ៉ាស៊ីនតោន ៖ មកទល់ពេលនេះនៅសល់មិនដល់១០០ថ្ងៃទៀតឡើយ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនឹងត្រូវរៀបចំឡើង ខណៈលោក ដូណាល់ ត្រាំ បានលើកឡើងនូវលទ្ធភាពនៃការពន្យារពេលបោះឆ្នោតនេះ ដែលបើតាមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក គឺត្រូវតែប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

លោក ដូណាល់ ត្រាំ បង្ហោះសារនៅលើបណ្តាញសង្គម Twitter ដោយអះអាងសាជាថ្មីម្តងទៀតដូច្នេះថា «ការអនុញ្ញាតឲ្យបោះឆ្នោតពីចម្ងាយតាមតាម ប្រៃសណីយ៍ (Mail-In Vote) នឹងមានភាពក្លែងបន្លំ និងមិនច្បាស់លាស់ត្រឹមត្រូវនោះឡើយ។ ដូច្នេះហើយ គួរពន្យារពេលថ្ងៃបោះឆ្នោត រហូតទាល់តែប្រជាជនអាមេរិកអាចធ្វើការបោះឆ្នោត ដោយត្រឹមត្រូវ ដោយសុវត្ថិភាព និងមានសន្តិសុខត្រឹមត្រូវ យ៉ាងម៉េចដែរ?»។

សូមជម្រាបថា ពាក់ព័ន្ធនឹងកាលបរិច្ឆេទបោះឆ្នោត ប្រធានាធិបតីអាមេរិកមិនមានសិទ្ធិលើកពេលនោះទេ ខណៈរដ្ឋធម្មនុញ្ញអាមេរិកបានផ្តល់អំណាចឲ្យសភាដើម្បីជាអ្នកកំណត់ថ្ងៃបោះឆ្នោត៕