មន្ទីរបរិស្ថានខេត្តសៀមរាបដាំកូនឈើចម្រុះចំនួន៤០០០ដើម ដើម្បីស្តារព្រៃឈើក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ” ភ្នំគូលែន”

ខេត្តសៀមរាប ៖ ដោយទទួលបានការគាំទ្រពីគម្រោងមូលនិធិភាពជាដៃគូកាបូនព្រៃឈើរបស់អង្គការ UNDP គមរោងស្តារតំបន់ទេសភាពព្រៃឈើឡើងវិញរបស់អង្គការ FAO និងអាជ្ញាធរជាតិអប្សរា មន្ទីរបរិស្ថានខេត្តសៀមរាប បានរៀបចំពិធីដាំកូនឈើចម្រុះចំនួន៤០០០ដើម បានដាំលើផ្ទៃដីជាង៣ហិចតា កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ” ភ្នំគូលែន” ខាងជើងស្ទឹងធំ តំបន់ព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួម ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប សហការជាមួយអាជ្ញាធរខេត្ត អាជ្ញាមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីឧទ្យានុរក្ស ក្រុមយុវជន និងប្រជាពលរដ្ឋ រួមជាមួយតំណាងដៃគូអភិវឌ្ឍន៍មួយចំនួន។

លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឱ្យដឹងថាជាព្រឹត្តិការណ៍ថ្ងៃនេះរៀបចំជាលើកទី៣នៅក្នុងឆ្នាំ២០២០ បន្ទាប់ពីបានរៀបចំដាំកូនឈើនៅលើខ្នងភ្នំគូលេន២លើករួចមកហើយ នាពេលកន្លងទៅ សរុបមានចំនួន៥៦០០ដើមលើផ្ទៃដីសរុប ជាងហិចតា។ លោក ស៊ុន គង់ បានបញ្ចាក់ថា ការដាំកូនឈើជាថ្ងៃនេះ ដើម្បីស្តារគម្របបៃតង និងគម្របព្រៃឈើឡើងវិញនៅក្នុងក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម។

ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានចាត់ទុកដា ការចូលរួមដាំស្តាព្រៃឈើ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋភិបាលតាមរយៈក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាប ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍ ក្នុងបុព្វហេតុនៃការការពារ និងអភិរក្សធនធានធម្មជាតិពិសេសក្នុងការស្តារព្រៃឡើងវិញ។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញថា ការដាដើមឈើឡើងវិញនេះ ពិតជាមានសារៈប្រយោជន៍ សម្រាប់បំផុស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថានបាននិងកំពុងការពារ ទប់ស្កាត់ និងអនុវត្តវិធានការណ៍នានា ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងកាប់ទន្ទ្រានដីខុសច្បាប់ ក៏ដូចជាជំរុញការដាំស្តារព្រៃឈើឡើងវិញ និងរៀបចំឱ្យមានអាងស្តុកទឹកនៅតាមតំបន់សំខាន់ៗ ដើម្បីឱ្យប្រព័ន្ធអេកូឡូស៉ីនៅលើភ្នំគូលែនមានភាពល្អប្រសើរឡើងវិញ ជាពិសេសធានាបាននូវនិរន្តរភាពទឹកសម្រាប់តំបន់សៀមរាបអង្គរ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ដែលបានចំណាយពេលវេលាចូលរួមដាំកូនឈើ ដើម្បីស្ដារតំបន់សឹករិចរឹលនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដែលនេះជាការបញ្ជាក់ឱ្យឃើញថាប្រជាពលរដ្ឋមានការស្រលាញ់ព្រៃឈើ និងធនធានធម្មជាតិ ហើយក៏បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ឱ្យបន្តចូលរួម និងគាំទ្រការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងសម្បត្តិបេតិកភណ្ឌនៅលើភ្នំគូលែនឱ្យមានភាពល្អប្រសើរ៕