ពាន Hun Sen Cup ថ្នាក់ជាតិ នឹង​ចាប់​គូប្រកួត​នៅ​ព្រឹក​នេះ​

ភ្នំពេញ ៖ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា​ (CNCC) នឹង​រៀបចំ​ពិធី​ចាប់​គូប្រកួត​វគ្គ ១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ នា​វេលា​ម៉ោង១០​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​បន្ទាប់ពី​រកឃើញ​ក្រុម​ជើងឯកខេត្ត​រួច។​

​បេក្ខភាព​ចូលរួម​ចាប់ឆ្នោត និង​ត្រៀម​ការប្រកួត​ពានរង្វាន់​ថ្នាក់ជាតិ​នេះ គឺមាន ១២​ក្លិប ជា​សមាជិក​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា រួមមាន​ក្រុម​បឹងកេត ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា ភ្នំពេញ​ក្រោ​ន កងយោធពល​ខេមរភូមិន្ទ នគរបាលជាតិ ណាហ្គា​វើ​ល​ដ៏ អាស៊ី​អឺរ៉ុប អង្គ​រថា​យ​ហ្គឺ​រ អគ្គិសនី​កម្ពុជា សូល​ទី​ឡូ​អង្គរ និង​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​។ ដោយឡែក ៤​ក្រុម​ទៀត គឺជា​បេក្ខភាព ៤​ក្រុម​ចុងក្រោយ នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ខេត្ត រួមមាន​ក្រុម​ជើងឯក​ខេត្តព្រៃវែង ក្រុម​ជើងឯក​រង​ខេត្ត​ត្បូងឃ្មុំ ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ខេត្ត​កែប និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ ខេត្តសៀមរាប ។

​ចំពោះ​កម្មវិធី​ជើង​ទី​១​នៃ​វគ្គ ១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​ថ្នាក់ជាតិ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែសីហា ហើយ​ជើង​ទី​២ នឹង​ប្រកួត​នៅ​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០៕