




ហុងកុងចាប់អនុវត្តច្បាប់សន្តិសុខជាតិដើម្បីបង្ក្រាបក្រុមប្រឆាំង

ហុងកុង ៖ ច្បាប់ស្តីពីសន្តិសុខជាតិថ្មីសម្រាប់ហុងកុងដែលបានចូលជាធរមាន តាំងពីដើមខែកក្កដាមកនោះ ឥឡូវហុងកុងក៏ចាប់ផ្តើមអនុវត្តច្បាប់នេះ ខណៈដែលប៉ូលិសហុងកុង នៅយប់ថ្ងៃទី២៩កក្កដា ឆ្នាំ២០២០ បានចាប់ខ្លួននិស្សិត៤ រូប ក្នុងបទចោទប្រកាន់សរសេរផ្សព្វផ្សាយអត្ថបទដែលគំរាមកំហែង សន្តិសុខជាតិចិន។
ចំណែកសហភាពនិស្សិតនៃវិទ្យាស្ថានជាន់ខ្ពស់ ដែលក្តោបក្តាប់សហជីពនិស្សិតចំនួន ១៣នៅ ហុងកុង បានបរិហារការចាប់ខ្លួននិស្សិត និងថា ហុងកុងកំពុងឈានចូលក្នុងសករាជ នៃការបង្ក្រាបបំផិតបំភ័យអ្នកនយោបាយ។
តាមប៉ូលិសហុងកុង មនុស្សទាំង៤រូប ដែលមាន ម្នាក់ ជាស្ត្រី ត្រូវប៉ូលិសសង្ស័យថា បានរៀបចំ និងញុះញង់ឲ្យមានការទាមទារបំបែកទឹកដី តាមរយៈ សារសរសេរនៅលើបណ្តាញសង្គម នៅក្រោយការចូលជាធរមានច្បាប់សន្តិសុខជាតិ ហុងកុង។
និស្សិតហុងកុងទាំង៤រូបដែលត្រូវប៉ូលិសចាប់ខ្លួនមានអាយុ ពី១៦ ទៅ ២១ឆ្នាំ ហើយពួកគេគឺជាអតីតសមាជិករបស់អង្គការStudent Localism ដែល ធ្វើការទៅលើការទាមទារឯករាជ្យឲ្យហុងកុង។ អង្គការមួយនេះ បានប្រកាសរំលាយខ្លួន នៅតែប៉ុន្មានថ្ងៃមុនដែលច្បាប់សន្តិសុខជាតិហុងកុង បានចូលជាធរមាន នៅដើមខែកក្កដានេះ ហើយក៏មានការចាប់ខ្លួនសកម្មជនទាំង៤នាក់នោះតែម្តង៕