




ពលរដ្ឋខ្មែរចំនួន៧៩នាក់មកពីប្រទេសហ្ស៊កដានី ឥណ្ឌា និងប៉ាគីស្ថាន នឹងមកដល់កម្ពុជាវិញនៅព្រឹកនេះ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក គុយ គួង បានថ្លែងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា មានប្រជាពលរដ្ឋខ្មែរចំនួន៧៩នាក់ នឹងត្រឡប់មកពីប្រទេសហ្ស៊កដានី, ឥណ្ឌា និងប៉ាគីស្ថាន ចូលមកដល់កម្ពុជាវិញនៅព្រឹកនេះ តាមជើងហោះហើរចំនួន២ផ្សេងគ្នា។
តាមលោក កុយ គួង បានបញ្ជាក់ថា ដោយមានកិច្ចខិតខំប្រឹងប្រែង និងសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ពលករខ្មែរចំនួន២៨នាក់ និងទារក១នាក់ ដែលត្រូវបានរោងចក្រវាយនភណ្ឌចំនួន០២ (Vega Textile Co., Ltd. និង Camel Textile International Corporation) នៅប្រទេសហ្ស៊កដានី បញ្ឈប់កិច្ចសន្យាការងារ ដែលពួកគាត់នឹងធ្វើដំណើរចេញពីប្រទេសហ្ស៊កដានី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨៖១៥ព្រឹក តាមជើងយន្តហោះលេខ 8M1105។ ពលករខ្មែរចំនួន២៨នាក់នេះ គឺស្ថិតក្នុងចំណោមពលករខ្មែរសរុបចំនួន៨៣ ដែលកំពុងធ្វើការងារនៅក្នុងរោងចក្រទាំងពីរខាងលើ។
ដោយឡែកនៅព្រឹកថ្ងៃនេះដែរក៏មានពលរដ្ឋកម្ពុជាចំនួន៥០នាក់ (ជាអ្នកដំណើរទូទៅអ្នកមកពីពិនិត្យជំងឺ និងនិស្សិត) មកពីប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន ក៏នឹងធ្វើដំណើរត្រឡប់មកកម្ពុជា ឆ្លងកាត់ប្រទេសម៉ាឡេស៊ី តាមជើងយន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី លេខ MH754 ដែលនឹងចេញដំណើរ ពីទីក្រុងគូឡាឡាំពួ នៅវេលាម៉ោង៩៖០០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ហើយនឹងទៅដល់ទីក្រុងភ្នំពេញ នៅវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះផងដែរ៕ ( អត្ថបទដកស្រង់ខ្លឹមសារពី FN )