សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនាំអំណោយចែកពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៤៧គ្រួសារស្រុករមាសហែក

ខេត្តស្វាយរៀង ៖ នៅថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការីបាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ចំនួន៤៧ខ្នង ក្នុងនោះខូចខាតទាំងស្រុង២ខ្នង មធ្យម៣៣ ខ្នង និងខូចខាតស្រាល១២ខ្នង ក្នុងស្រុករមាសហែកចំនួន២ឃុំ គឺឃុំអង្គប្រស្រែ៤៤ខ្នង ឃុំត្រពាំងស្តៅ៣ខ្នង។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំមកនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរ ជាពិសេស ក្តីព្រួយបារម្ភ ចំពោះជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ដែលប្រឈម ទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ ដែលកើតឡើង ដោយមិនអាចស្មានបាន។ ហេតុដូចនេះហើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយនាំយកនូវគ្រឿងបរិភោគ សម្ភារ ប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាកទៅតាមស្ថានភាពរងគ្រោះជាក់ស្តែងរបស់គ្រួសាររងគ្រោះ ធ្ងន់-ស្រាលនីមួយៗ ព្រមទាំងបានពាំនាំនូវសារអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា តាមរយៈ ការតាមដានសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម និងវិធានការ ត្រៀមបង្ការផ្សេងៗទៀត។

ជាមួយគ្នានោះ លោកជំទាវសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់ ទន្ទឹមនេះលោកជំទាវក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារបង្កបង្កើន ផលនារដូវវស្សា ឲ្យបានទាន់ពេលវេលា ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារ ពីការឆ្លងនៃជំងឺកូវីដ១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៍ដូចជានៅលើពិភពលោកផងដែរ។

អំណោយដែលបានចែកជូនទាំង៤៧គ្រួសារ ៖ សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ២គ្រួសារ ទទួលបាន អង្ករ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប ធុងទឹកជ័រ១ ឆ្នាំងបាយ-សម្ល២ ក្រណាត់កៅស៊ូតង់១កន្ទេលបត់១ ឃីត១កញ្ចប់ (ភួយ មុង សារុង ក្រមា) អាវយឺត២ ម៉ាស១ និងថវិកា២០០,០០០ រៀល។

ដោយឡែកគ្រួសាររងគ្រោះមធ្យម៣៣គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ៣០គក្រ មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប កន្ទេលបត់១ ឃីត១កញ្ចប់ (ភួយ មុង សារុង ក្រមា) អាវយឺត២ ម៉ាស១ និងថវិកា៥០,០០០ រៀល និងសម្រាប់គ្រួសាររងគ្រោះស្រាល១២ គ្រួសារទទួលបានអាវយឺត២ ថវិកា ៥០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ។

ក្នុងឱកាសនោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម្ភបន្ថែមតាមរយៈអនុសាខាស្រុកដល់គ្រួសាររងគ្រោះធ្ងន់ ២ គ្រួសារ ក្នុង ១ គ្រួសារ ថវិកា ៤០០,០០០ រៀល ព្រះតេជគុណ រស់ ឌី ព្រះមេគណស្រុ និងជាព្រះបាឡាត់ខេត្ត ឧបត្ថម្ភបន្ថែមទាំង ៤៧ គ្រួសារ ក្នុង ១ គ្រួសារ ថវិកា ១០,០០០ រៀល៕ ដោយ ៖ ភក្តី