នាយឧត្តមសេនីយ៍ ជួន សុវណ្ណ សំណេះសំណាលជាមួយគណៈគ្រប់គ្រង មន្រ្តី បុគ្គលិក និងជនរងគ្រោះនៅមណ្ឌលឱកាសខ្ញុំ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលឱកាសខ្ញុំ មានរៀបចំទទួលដំណើរទស្សនកិច្ចមជ្ឈមណ្ឌល និងសំណេះសំណាលជាមួយគណ:គ្រប់គ្រង បុគ្គលិក ក្រុមគ្រូពេទ្យ និងជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលផ្តាច់សារធាតុញៀននៅមជ្ឈមណ្ឌលឱកាសខ្ញុំ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងតំណាងគណ:កម្មាធិការត្រួតពីនិត្យគ្រឿងញៀនរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីសំណេះសំណាលនោះ លោកស្រី មុំ ចាន់ដានី ប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំបានថ្លែងអំំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់នូវការឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌល និងបានរាយការណ៍ដំណើរការងារបម្រើសេវាព្យាបាល និងស្តារនីតិសម្បទាពីភាពញៀនគ្រឿងញៀន បណ្តុះបណ្តាលចំណេះជំនាញ និងការងារសមាហរណកម្មអ្នកជាសះស្បើយផ្តាច់សារធាតុញៀន ត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារនិងសហគមន៍វិញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងទៅកាន់ជនរងគ្រោះថា មជ្ឈមណ្ឌលឱកាសខ្ញុំ គឺជាកន្លែងផ្តល់ឱកាសថ្មីដល់ក្មួយៗជាជនរងគ្រោះដោយសារធាតុញៀនកសាងខ្លួនចាប់យកឱកាសធ្វើការអប់រំចិត្ត និងទទួលយកចំណេះជំនាញសម្រាប់ប្រកប របរចិញ្ចឹមជីវិតទៅថ្ងៃអនាគត ដោយឈប់បង្កការរំខាននិងនាំមកតែសេចក្តីសុខសុភមង្គលជូនក្រុមគ្រួសារ សហគមន៍អ្នកបានរីកចម្រើន និងមានសុវត្ថិភាព។

ក្នុងឱកាសនោះ ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែងរួមគ្នាជួយព្យាបាល និងស្តារនីតិសម្បទាដល់ក្មួយៗយុវជន យុវនារី រងគ្រោះទាំងអស់ឱ្យចៀសចាកផុតពីភាពញៀន ផ្តល់អនាគតថ្មីតាមរយ:ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានថ្លែងអំណរគុណចំពោះការចូលរួមឧបត្ថម្ភគាំទ្រ ពីសំណាក់ឪពុកម្តាយ អាណាព្យាបាល សប្បុរសជននានា ដែលធ្វើឱ្យទីនេះប្រែក្លាយជាទីកន្លែងមួយផ្តល់ភាពកក់ក្តៅ និងកម្លាំងចិត្តដល់ក្មួយដែលកំពុងសម្រាកព្យាបាល និងស្តារនីតិសម្បទា ឱ្យឆាប់ជាសះស្បើយត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍វិញ និងសូមចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការថែរក្សាអនាម័យខ្លួនប្រាណឱ្យបានខ្ជាប់ខ្ជួន ពិនិត្យសុខភាពជាប្រចាំ ជាពិសេសត្រូវលាងសម្អាតដៃជាមួយអាល់កុល ជែល សាប៊ូ ឱ្យបានញឹកញាប់ ដើម្បីធានាឱ្យបាននូវសុខភាពល្អទាំងអស់គ្នា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានពាំនាំមកនូវអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចែកជូនក្មួយៗរួមមាន៖ ម៉ាស់ ការពារសុខភាព ១ម៉ឺន ចំនួនត្រីខកំប៉ុង ចំនួន១៧០យួរ មីចំនួន ៥៧កេស ទឹកក្រូច ចំនួន១៥០កេសទឹកសុទ្ធចំនួន១៥០កេស និងថវិកាចំនួន៥លានរៀលឧបត្ថម្ភដល់មជ្ឈមណ្ដលផងដែរ៕