គម្រោងចូលចត​នៅខេត្ត​ព្រះសីហនុរបស់នាវាទ័ពជើងទឹកជប៉ុននៅខែក្រោយត្រូវបានផ្អាកវិញ

ខេត្តព្រះសីហនុ ៖ នាវាកងទ័ពជើងទឹក​ជប៉ុន គ្រោងចូលចត​នៅ​ខេត្តព្រះសីហនុ នាខែសីហាខាងមុខនេះ ប៉ុន្តែអាក់ខាន​វិញមិនបានចូល ចត​ ដោយ​សារតែបញ្ហាជំងឺកូវីដ១៩ ដែលកំពុងឆ្លងរាលដាលខ្លាំងក្នុងពិភពលោក។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុន​ប្រចាំកម្ពុជា ក្នុង​ជំនួបជាមួយឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងទី៣០ ខែកក្កដា ឆ្នាំ​២០២០។

ទោះជាយ៉ាងណា ឯកឧត្តម ឯកអគ្គរាជទូតរំពឹង​ថា នៅពេលខាងមុខ​នឹងមាននាវា​ជាច្រើនទៀត​ចូលចត​នៅកំពង់ផែ​ក្រុងព្រះសីហនុ។ ឯកឧត្តមក៏បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​ពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុន ដើម្បីស្វែងឱកាសវិនិយោគ និងដើរទេសចរណ៍កំសាន្ត នៅក្នុងខេត្តដែលមានសក្តានុពលខាងវិស័យទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ។

គួររំលឹក​ថា កាលពីខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅ នាវា​កងទ័ព​ជើងទឹក​ជប៉ុន​ចំនួន ២​គ្រឿង ឈ្មោះ Setoyuki និង Shimayuki បាន​ចូលចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ។ គោល​បំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាវា​ជប៉ុន​ចំនួន ២​គ្រឿងនេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្ដភាព​រវាង​ប្រទេស​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​កម្មវិធី​ផ្លាស់ប្ដូរ​ផេ្សងៗ ក៏ដូចជា​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​នាយ​នាវិកកម្ម​សិក្សា​ការី​ចំនួន ១០៩​រូប ដែលទើបបាន​បពា្ចប់ការ​សិក្សា បាន​ស្វែងយល់​អំពី​វប្បធម៌ និង​វិស័យ​យោធា​នៅ​កម្ពុជា៕