ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ទទួលជួបសម្តែងការគួរសមជាមួយប្រតិភូគណ:កម្មការទី៨ នៃរដ្ឋសភា

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈឹម កាន អភិបាលរងខេត្ត ទទួលជួបសម្តែងការគួរសម និងស្វាគមន៍គណ:កម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជនយុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ដើម្បីពិភាក្សាការងារ និងសិក្សាស្វែងយល់អំពី កិច្ចការដែលពាក់ព័ន្ធនឹង សមត្ថកិច្ច ទទួលខុសត្រូវ នៅខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ ដែលបានធ្វើឡើងនៅអគារប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨  នៃរដ្ឋសភា  បានមានប្រសាសន៍ថា ការជួបសំណេះសំណាលជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរអង្គភាពជំនាញនាពេលនេះ ដើម្បីស្វែងយល់ពីស្ថានភាពអនុវត្តច្បាប់ និងគោលនយោបាយក្នុងវិស័យទទួលខុសត្រូវរបស់ខ្លួន។ លោកជំទាវ បានបន្តថា នេះជាកិច្ចការសំខាន់ ដែលគណៈកម្មការទី៨ ចង់ដឹងគឺវឌ្ឍនភាព នៃការអភិវឌ្ឍន៍ និងការអនុវត្តកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាល របស់រដ្ឋបាលខេត្តមណ្ឌលគិរី  ដែលមានការពាក់ព័ន្ធ និងវិស័យដែលគណៈកម្មការទទួលខុសត្រូវ  បញ្ហាប្រឈមនានា និងការសំណូមពររបស់រដ្ឋបាលខេត្ត ដើម្បីគណៈកម្មការ កត់ត្រាឲ្យបានត្រឹមត្រូវ យកទៅជូនថ្នាក់លើសម្រេច និងដោះស្រាយជូន និងជាពិសេសណែនាំពីច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត និងជំនាញសំដៅការអនុវត្តការងារនៅក្នុងស្ថាប័នអង្គភាពរបស់ខ្លួន ឲ្យទទួលបានជោគជ័យ។

លោកជំទាវ ក៏បានជំរុញដល់រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរអង្គភាពជំនាញ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការការពារបរិស្ថាន និងរចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន លូ ទឹកស្អាត ការគ្រប់គ្រងច្បាប់សំណង់ គ្លីនិចឯកជន ដើម្បីស្វាគមន៍អ្នកវិនិយោគ និងបន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដែលចូលកម្បាន្ត នាឱកាសឈប់សម្រាបជំនួសបុណ្យចូលឆ្នាំនាពេលខាងមុខនេះ និងបន្តអប់រំផ្សព្វផ្សាយនូវវិធានការ បង្ការទប់ស្កាត់ ការរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ ឱ្យប្រសិទ្ធភាព។

លោក ឈឹម កាន អភិបាលរងខេត្ត បានឱ្យដឹងថា នៅខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ លទ្ធផលនៃការអនុវត្តកម្មវិធិឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្ត សរុបមានចំនួន ៣,៩៨៧ រួមទាំង កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់ខេត្តមណ្ឌលគិរី សរុបចំនួន ៤៦២នាក់ផងដែរ៕ ដោយ ៖ ជឹមទូច