ចំនួនអ្នកស្លាប់​ដោយសារផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ីកើនដល់២២នាក់

ប្រភព៖ AFP

ហ្សាការតា៖ ចំនួនអ្នកស្លាប់ដោយសារការផ្ទុះភ្នំភ្លើងនៅប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ២២ នាក់ហើយ បន្ទាប់ពីសាកសពចំនួន ៩ នាក់ទៀតត្រូវបានរកឃើញ នេះបើតាមមន្ត្រីម្នាក់ជាមួយទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ ។

ភ្នំភ្លើង Marapi គឺជាភ្នំភ្លើងសកម្មបំផុតនៅលើកោះស៊ូម៉ាត្រា ខណៈប្រទេសឥណ្ឌូណេស៊ី មានភ្នំភ្លើងសកម្មបំផុតសរុបជិត​១៣០។ ភ្នំភ្លើងនេះបានផ្ទុះជះផេះនិងផ្សែង ខ្ពស់ឡើងទៅលើផ្ទៃអាកាសកម្ពស់ប្រហែល ៣,០០០ម៉ែត្រ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ហើយសាកសពមនុស្ស១១នាក់ដំបូង ត្រូវបានរកឃើញកាលពីថ្ងៃចន្ទសប្តាហ៍នេះ។

អ្នកជួយសង្គ្រោះរាប់រយនាក់បានធ្វើការជាច្រើនថ្ងៃ ដើម្បីស្វែងរកអ្នកឡើងភ្នំដែលបាត់ខ្លួនចំនួន ១០នាក់ កាលពីថ្ងៃអង្គារ ក្រោយហេតុការណ៍បន្ទុះភ្នំភ្លើងមួយ ខណៈទីភ្នាក់ងារជួយសង្គ្រោះក្នុងតំបន់បានប្រកាសថា ពួកគេភាគច្រើនត្រូវបានរកឃើញ ដែលនាំឱ្យប្រតិបត្តិការស្វែងរករយៈពេលជាច្រើនថ្ងៃកាន់តែខិតជិតដល់ទីបញ្ចប់។

លោក Abdul Malik ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះនៅរដ្ឋ Padang បានប្រាប់យ៉ាងដូច្នេះថា «ជនរងគ្រោះ ៩ នាក់ក្នុងចំណោម ១០ នាក់ដែលបាត់ខ្លួនត្រូវបានរកឃើញបានស្លាប់នៅរសៀលនេះ ហើយសាកសកទាំងនោះកំពុងត្រូវដឹកចុះពីភ្នំដែលត្រូវការរយៈពេលច្រើនថ្ងៃ។ មានជនរងគ្រោះម្នាក់ទៀតនៅសេសសល់ ដែលកំពុងស្ថិតក្នុងប្រតិបត្តិការស្វែងរកនៅឡើយ»។